ឯកឧត្តម គឹម សន្តិភាព៖ កម្ពុជាគ្មានអ្នកទោសនយោបាយទេ ហើយលីកាដូកំពុងដើរឆ្ងាយពីវិជ្ជាជីវៈ


ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា កម្ពុជាគ្មានអ្នកទោសនយោបាយម្នាក់ណានោះទេ នៅក្នុង ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ទូទាំងប្រទេស គឺមានតែអ្នកជាប់ឃុំក្នុងបទចោទ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ឯកឧត្តម គឹម សន្តិភាព បានអះអាងថា ក្នុងក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ព្រហ្មទណ្ឌពិសេសដទៃទៀតរបស់កម្ពុជា គ្មានមាត្រាណាមួយចែងអំពីអំពើដែលជាបទល្មើសនយោបាយនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ លើកឡើងថា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ កំពុងដើរ ចេញឆ្ងាយពីវិជ្ជាជីវៈ និងលក្ខន្តិកៈរបស់ខ្លួន។ ហើយលោកគឹម សន្តិភាព សូមឲ្យលីកាដូ ពិនិត្យមើលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញ ជាពិសេសមាត្រា២៤ និងមាត្រា៣០ ហើយសូមរក្សានូវជំហរ និងអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឲ្យបានច្បាស់លាស់ក្នុងនាមជាអង្គការ សង្គមស៊ីវិល។