រាជធានីភ្នំពេញ ៖ កម្មវិធីប្រកាសលទ្ធផលជ័យលាភីតែងកំណាព្យ និងគូរគំនូរ ក្រោមប្រធានបទ “ការអប់រំ ដើម្បីអភិវឌ្ឍសង្គមគ្មានគ្រឿងញៀន” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នៅអគាររដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈការប្រកួតប្រជែងនេះ ជ័យលាភីតែងកំណាព្យមានចំនួន៤នាក់ និងជ័យលាភីគូរគំនូរចំនួន៤នាក់។ កម្មវិធីប្រកួតប្រជែងជ័យលាភីតែងកំណាព្យ និងគូរគំនូរនេះ ត្រូវបានធ្វើឡើងដើម្បីផ្ដល់ឱកាសដល់យុវជនអាចបញ្ចេញសមត្ថភាព និងដើម្បីផ្សព្វផ្សាយអប់រំ ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានី និងបណ្ដាខេត្តមួយចំនួន៕