ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការសន្និដ្ឋានរបស់សភាIPU មកលើសភាពការណ៍កម្ពុជា មិនបានផ្សារ ភ្ជាប់ នឹងតថភាពសង្គមរបស់កម្ពុជានោះទេ


ភ្នំពេញ ៖ ក្រោយពីសហភាព ​អន្តរ​សភា (IPU) ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​កម្ពុជា ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង ​ដំណើរការ​ឡើង​វិញ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា ការសន្និដ្ឋានរបស់សភាIPU មកលើសភាពការណ៍កម្ពុជា មិនបានផ្សារ ភ្ជាប់ នឹងតថភាពសង្គមរបស់កម្ពុជានោះទេ ដោយសារតែគណបក្សប្រឆាំង ដែលត្រូវបាន រំលាយ ដោយតុលាការកំពូល គឺបណ្តាលមកពីប្រព្រឹត្តបទល្មើសក្បត់ជាតិ ឃុបឃិតជាមួយបរទេស ចង់បំផ្លាញ ប្រទេសជាតិខ្លួនឯង ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងបែបនេះឆ្លើយតបទៅ នឹង​សេចក្ដី​សម្រេចរបស់​សហភាព​អន្តរ​សភាដែលទទួលយក​បណ្ដឹង របស់អតីត​តំណាងរាស្ត្រ ​អតីតគណបក្សប្រឆាំង ចាត់ទុកថា​ជា​បានការ និង​ថា​សហភាព​អន្តរ​សភា មាន​សមត្ថកិច្ច ក្នុង​ការ​ជួយ​រក​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។

ឯកឧត្តម សុខ ឥសាន បានលើកឡើងបន្ថែម តាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេលេក្រាម នៅថ្ងៃទី៨កុម្ភៈនេះថា “បើមានកំហុសធំយ៉ាងនេះ ហើយតើរដ្ឋាភិបាល ប្រទេសណា អាចអនុគ្រោះឲ្យបានឬទេ? តើមានប្រទេសប៉ុន្មាន នៅក្នុងIPU អាចអនុគ្រោះបាន? ការ មានមតិរបស់IPU គឺជាសិទ្ធិមានមតិផ្ទាល់ តែមតិដែលរំលោភលើឯករាជ្យ និង អធិបតេយ្យភាព កម្ពុជា មិនអាចទទួលយកបាន និងមិនមានប្រសិទ្ធភាពអ្វីឡើយ” ។

ឯកឧត្តម សុខ ឥសានបានលើកឡើងបន្តថា “អតីតបក្សប្រឆាំង ដែលត្រូវបានរំលាយរួចហើយ ដោយតុលាការកំពូលកាលពីថ្ងៃ ទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ គឺកើតឡើងដោយសារអំពើ ល្មើសច្បាប់របស់អតីតបក្សប្រឆាំង គ្មានអ្នកណាបង្កើតបទល្មើសឲ្យគាត់ទេ គឹខ្លួនឯងជាអ្នក ប្រព្រឹត្ត ត្រូវទទួលខុសត្រូវខ្លួនឯង” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា “ប្រទេសកម្ពុជាប្រកាន់ លទ្ធិប្រជាធិប តេយ្យ តែទន្ទឹមនឹងនេះ ក៏ប្រកាន់នីតិរដ្ឋផងដែរ ។ ការមានវិធានការ ផ្លូវច្បាប់ចំពោះអតីត បក្សប្រឆាំង គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ”៕