ខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុកសកម្ម


អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានណែនាំ ជម្រុញឲ្យអាជ្ញាធរខេត្ត/ក្រុង/ស្រុក និង សមត្ថកិច្ចទាំងអស់ ត្រូវចូលរួមផ្តល់ព័ត៌មាន ក្នុងការទប់ស្តាត់ នូវរាល់សារធាតុអាវុធគីមី ក្នុងភូមិសាស្រ្តខេត្ត ដែលនៅជាប់តាមខ្សែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណា បញ្ចៀសនូវសារធាតុអាវុធគីមីដែលបន្សល់ទុកពីសង្គ្រាមក្នុងសតវត្សទី៧០ ដែលធ្វើឲ្យផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធិ ថ្លែងបែបនេះ ក្នុងពិធីសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុកសកម្ម នៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធិ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានជំរុញឲ្យមានការផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុកសកម្ម នៅទូទាំងប្រទេស ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងផ្តល់ឲ្យគ្នាទៅវិញទៅមក នូវរាល់ព័ត៍មានស្តីពីអាវុធគីមី (CBRN)។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធិ បានណែនាំ និងជម្រុញដល់ អាជ្ញាធរខេត្ត/ក្រុង/ស្រុក និងសមត្ថកិច្ចទាំងអស់ ត្រូវជំរុញដល់ការផ្សព្វផ្សាយ និងត្រួតពិនិត្យឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីទប់ស្តាត់ រាល់សារធាតុអាវុធគីមី ដើម្បីរួមគ្នាបង្ការរាល់គ្រោះមហន្តរាយផ្សេងៗ ដែលបង្ករដោយសារធាតុគីមី និងកាកសំណល់ផងដែរ។

ឯកឧត្តម សា្វយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការហាមឃាត់អាវុធគីមីនាពេលនេះ គឺដើម្បីអោយអាជ្ញាធរក្រុង/ស្រុក បានយល់ដឹងកាន់ តែច្បាស់អំពីផលប៉ះពាល់ នៃអាវុធគីមីទាំងអស់នេះ និងយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ដើម្បីចូករួមសហការ និងផ្តល់ព័ត៌មានមកអាជ្ញាធរភ្លាមៗ។ ឯកឧត្តម បានបញ្ជាក់ថា កាលពីពេល ថ្មីៗនេះ អាជ្ញាធរជាតិអាវុធគីមី បានស្រាវជ្រាវរកឃើញគ្រាប់គីមីចំនួន១១ធុង ដែលបានបន្សល់ទុកកាលពីសម័យសង្គ្រាមនោះ នៅក្នុងភូមិពូហ្យាម ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ដូច្នេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវផែនការលុបបំបាត់ ប្រយុទ្ធប្រឆាំងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះដែរ ដោយបានធ្វើការបោសសម្អាត មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីរំដោះទៅលើផ្ទៃដី ដែលមានអាវុធយុទ្ធភ័ណ្ឌទាំងឡាយឲ្យក្លាយទៅជាផ្ទៃដីគ្មានអាវុធយុទ្ធភ័ណ្ឌ ឬគ្រាប់មិនទាន់ផ្ទុះដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ឲ្យក្លាយជាផ្ទៃដីមួយដែលអាចឲ្យប្រជាពលរដ្ឋបង្ករបង្កើនផលដោយសុវត្ថិភាព៕