លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី បើកសិក្ខាសាលាផ្សព្វផ្សាយ អាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី


លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ អាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីនិងកម្មវិធី “ការភ្ជាប់ស្រ្តី ទៅកាន់សាកលនៃកាលានុវត្តភាព” Linking Women to a World of Opportunities។ នៅក្នុងឱកាសនេះ លោកជំទាវវេជ្ជ. រដ្ឋមន្រ្តី បានលើកឡើងថាការអប់រំសម្រាប់ស្រ្តី និងក្មេងស្រីមានសារៈសំខាន់ណាស់។ ការអប់រំ គឺជាឧបករណ៍មួយ ដែលគេប្រើប្រាស់ដើម្បីកាត់បន្ថយវិសមសមភាព និងលម្អៀងផ្នែកយេនឌ័រ ហើយជួយឱ្យស្រ្តី មានលទ្ធភាពចាកចេញពីភាពងាយរងគ្រោះ តាមរយៈការកសាង និងអភិវឌ្ឍន៍សមត្ថភាព ដល់ស្រ្តី ធ្វើឱ្យស្រ្តីមានសក្តានុពល មានទំនុកចិត្តលើខ្លួនឯង និងថាមពលផ្លូវចិត្ត (inner-strength)ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិត ជាពិសេស ដើរតួនាទីដោយស្មើភាព និងជាដៃគូជាមួយនឹងបុរសក្នុងកិច្ចអភិវឌ្ឍគ្រួសារ ក៏ដូចជាសង្គមជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ដែលបានធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈកាលជាងពីរទស្សវត្សរ៍កន្លងមកនេះ ដើម្បីលើកកម្ពស់សុខមាលភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងសូមវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់រវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រសួងកិច្ចការនារី ក្នុងការអនុវត្តកម្មវិធីដើម្បីបឈ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីក្នុង ប្រទេសកម្ពុជា។