សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើអោយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ឋទាំងអស់បន្តយកចិត្តទុកដាក់ជួយបងប្អូនទាំងការផ្តល់ទឹក និងការជួយជួសជុលលំនៅដ្ឋាន និងសាលារៀន


យោងតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ថា “ទោះបីខ្ញុំបានមកដល់រុស្សីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានរុស្សី ក៏ខ្ញុំនៅបន្តតាមដានអំពីស្ថានភាពភ្លៀង និងសកម្មភាពចែកចាយទឹកដល់ប្រជាពលរដ្ឋ។ ខ្ញុំបានទទួលដំណឹងថាមានភ្លៀងចាប់ផ្តើមធ្លាក់កាន់តែច្រើនឡើងហើយនៅតាមបណ្តាខេត្តមួយចំនួន។ តែកង្វះខាតទឹកប្រើគឺនៅតែចោទចំពោះបងប្អូនមួយចំនួនដែលកំពុងជួប្រទះបញ្ហានេះនៅឡើយ”។ សូមអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ឋទាំងអស់បន្តយកចិត្តទុកដាក់ជួយបងប្អូនទាំងការផ្តល់ទឹក និងការជួយជួសជុលលំនៅដ្ឋាន និងសាលារៀនមួយចំនួនដែលបង្កការខូចខាតដោយខ្យល់កន្រ្តាក់។ មិនត្រូវទុកអោបងប្អូនយើងខ្វះទឹក ឬទុកអោកូនក្មួយគ្មានសាលារៀនទេ។ គឺត្រូវជួសជុលជាបន្ទាន់ និងផ្តល់នូវជំនួយថ្នាំពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នានាជួយប្រជាពលរដ្ឋ។ សូមបន្តជីកនិងស្តារអណ្តូង ស្រះ បឹង ប្រឡាយ និងអាងស្តុកទឹកអោយបានជ្រៅល្អដែលអាចស្តុកទឹកបានប្រើប្រាស់ខួបប្រាំងខួបវស្សា។
ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ រួមទាំងមន្រ្តីរាជរដ្ឋាភិបាល និងក្មួយៗយុវជនកាកបាទក្រហម និងអង្គការស្ម័គ្រចិត្តនានាដែលបានចុះជួយនិងបរិច្ចាគធនធានដើម្បីជួយប្រជាពលរដ្ឋដែលកំពុងខ្វះឃាតទឹកប្រើប្រាស់៕