សមិទ្ធិផលដែលកម្ពុជាទទួលបានក្រោយដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅរុស្ស៊ី


ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៅព្រឹកថ្ងៃសៅរ៍នេះ បានអញ្ជើញ មកដល់ ប្រទេសកម្ពុជា វិញហើយ បន្ទាប់ពីអញ្ជើញទៅ បំពេញទស្សនកិច្ច ផ្លូវការ និងអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្គូ និងទីក្រុងស៊ូឈី នៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។ នៅក្នុងដំណើរទស្សនកិច្ច របស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងគណៈប្រតិភូ ទៅកាន់សហព័ន្ធរុស្ស៊ី គឺមានសមិទ្ធិផល សំខាន់ៗ មួយចំនួន ដែល ព្រះរាជាណាចក្រកម្ពុជា ទទួលបាន។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្ដីប្រតិភូ អមនាយករដ្ឋមន្រ្ដី បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅព្រលានយន្ដហោះ អន្ដរជាតិ ភ្នំពេញ ថា ព្រះរាជាណាចក្រកម្ពុជា បានទទួលផលប្រយោជន៍ សំខាន់ៗ មួយចំនួន បន្ទាប់ពីដំណើរទស្សនកិច្ច របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី នៅសហព័ន្ធរុស្ស៊ី។ ផលប្រយោជន៍ ទាំងនោះ រួមមានៈ ទី១ការបើកច្រកទីផ្សារថ្មី សម្រាប់ប្រទេសកម្ពុជា ដែលមិនមែនត្រឹមតែ សហព័ន្ធរុស្ស៊ី នោះទេ គឺរួមទាំង ក្រុមប្រឹក្សាគណៈកម្មការ សេដ្ឋកិច្ច អឺរ៉ាស៊ី ផងដែរ ។ ទី២ គឺបានពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ទ្វេភាគី រវាង ព្រះរាជាណាចក្រម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលជាមិត្ដចាស់ របស់ ប្រទេសកម្ពុជា ហើយធ្លាប់ជួយកម្ពុជា យ៉ាងច្រើន ពីមុនមក ។ ទី៣ បានលើកស្ទួយ នយោបាយការទូត និងនយោបាយ ការបរទេស របស់ ប្រទេសកម្ពុជាយើង។ និងទី៤ ការពង្រឹង កិច្ចសហប្រតិបត្ដិការ លើគ្រប់វិស័យ។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្ដីប្រតិភូ អមនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា “លើសពីនេះទៀត ចូលនៅក្នុងការពង្រឹង តួនាទី របស់ កម្ពុជា យើង នៅក្នុងក្របខណ្ឌ អាស៊ាន ហើយជាពិសេស ក្នុងក្របខណ្ឌ អាស៊ានបូក១ ជាមួយសហព័ន្ធរុស្ស៊ី លើកនេះ និងអ្វីដែលចាប់អារម្មណ៍ ទៀតនោះ គឺអ្នកវិនិយោគ ពីបណ្ដាក្រុមហ៊ុន ពីសហព័ន្ធរុស្ស៊ី គេចាប់អារម្មណ៍ ប្រទេសកម្ពុជាយើង ហើយនឹងចូលរួម វិនិយោគ នៅប្រទេសកម្ពុជាយើង នាពេលខាងមុខនេះ” ។ សូមជម្រាប ថា នៅក្នុងដំណើរទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី លើកទីមួយ ក្នុងរយៈពេល ៣៧ឆ្នាំ ចុងក្រោយនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី បានជួបពិភាក្សា ទ្វេភាគី ជាមួយ លោក ឌីមីទ្រី មេដវេដេ នាយករដ្ឋមន្រ្តី សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៧ ខែឧសភា។ នៅរសៀលថ្ងៃដដែលនេះ សម្ដេចតេជោហ៊ុន សែន បានជួបពិភាក្សា ជាមួយ លោក ទីហ្កាន សាសីយ៉ាន ប្រធានក្រុមប្រឹក្សា នៃគណៈកម្មការ សេដ្ឋកិច្ចអឺរ៉ាស៊ី។
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបសំណេះសំណាល ជាមួយ តំណាងនិស្សិត ដែលកំពុងសិក្សា នៅសហព័ន្ធរុស្ស៊ី នាទីក្រុងម៉ូស្គូ ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ សម្ដេចតេជោហ៊ុន សែន បានអញ្ជើញជួបពិភាក្សា ទ្វេភាគី ជាមួយ ឯកឧត្ដម វ្លាឌឺមៀរ ពូទីន ប្រធានាធិបតី សហព័ន្ធរុស្ស៊ី ។ នៅរសៀល ថ្ងៃដដែលនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបពិភាក្សា ទ្វេភាគី ជាមួយ នាយករដ្ឋមន្រ្តី វៀតណាម ឯកឧត្ដមង្វៀន សួនហ្វុក ដែលទើបចូលកាន់តំណែងថ្មី កាលពីពេលថ្មីៗនេះ ។ និងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល រំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនង អាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី៕