ឯកឧត្តម ឆាយ ថន បានអនុញ្ញាតឲ្យលោកជំទាវ Lene K. Christiansen , តំណាង UNFPA ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


រសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឲ្យលោកជំទាវ Lene K. Christiansen , តំណាង UNFPA ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយលោកជំទាវបានបំពេញបេសកកម្មនៅកម្ពុជារយ:ពេល០១ឆ្នាំ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានលាឈប់ពីមុខតំណែង មុនអណត្តិ ។

ក្នុងជំនួបនេះ លោកជំទាវតំណាងUNFPAប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការរីករាយ គាំទ្រ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងផែនការ ដែលសម្រេចបាននូវសមិទ្ធផលធំជាច្រើនជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមភាពជាដៃគូរអភិវឌ្ឍ ជាមួយUNFPA ។លោកជំទាវ សូមសម្តែងការសោកស្តាយ ដែលមិនបានបន្តការងារនៅទីនេះទៀត ដោយសារបញ្ហាធុរ:ផ្ទាល់ខ្លួន ហើយសូមថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិអោយលោកជំទាវ បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការ ជាពិសេសជាមួយមន្ត្រីជាន់ខ្ពស់ នៃក្រសួងផែនការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ តំណាង UNFPA និងសូមវាយតម្លៃខ្ពស់ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងផែនការ ភាពជាដៃគូរអភិវឌ្ឍជាមួយUNFPA ដែលបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ។ ថ្លែងអំណរគុណចំពោះUNFPA ដែលបានចូលរួមចំណែកឧបត្ថម្ភថវិកាបដិភាគ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចការងារជំរឿនប្រជាជន។ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ខាងមុខ គឺជាថ្ងៃផ្លូវការដែលព្រះរាជាណាចក្រកម្ពុជា ត្រូវចាប់ផ្តើមធ្វើជំរឿនប្រជាជនទូទាំងប្រទេស ដែលមាន សម្តេចក្រឡោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណ:កម្មាធិការជាតិជំរឿន ហើយរូបខ្ញុំ ជាអនុប្រធាន និងជាប្រធានគណ:កម្មាធិការបច្ចេកទេស។