អាជ្ញាធរស្វែងរកម្ចាស់ Tommy Angkor ចោទលក់អាងកំពីងពួយ


Tommy Ankor 26 05 16 copy

     មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្ដឹងម្ចាស់គណនី facebook ឈ្មោះ Tommy Angkor ដែលនិយាយចោទថា អាងទឹកកំពីងពួយ ដែលជាអាងស្ដុកទឹកធំជាងគេរបស់ខេត្ត ត្រូវបានលក់ទៅឱ្យឯកជន ។

     គួរកត់សម្គាល់ថា ថ្មីៗនេះ មានការបង្ហោះព័ត៌មានប្រឌិតរឿងប្លែកៗ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសមនុស្សដទៃ ។ ម្ចាស់គណនី facebook ឈ្មោះ Tommy Angkor ត្រូវគេបង្ហោះបង្ហាញរូបភាពបុរសម្នាក់ ដែលអះអាងថា អាងកំពីងពួយត្រូវបានលក់ ៩៩ឆ្នាំ ក្នុងលេសសម្បទាន… ហើយបុរសម្ចាស់គណនីរូបនោះ បាននិយាយថា គេបានដឹងរឿងនេះមកពីការសាកសួរអ្នកលក់ដូរ ។ ម្ចាស់ Account ហ្វេសប៊ុកដដែល បានប្រើពាក្យសម្តីជេរប្រមាថ និងបង្ហោះរូបនោះតាមហ្វេសប៊ុក ដោយមិនមានការសាកសួរពីប្រភពដែលជាប់ពាក់ព័ន្ធឡើយ ។

     មន្ទីរក្រសួងធនធានទឹកខេត្តបានចោទថា ការផ្សាយរបស់គណនី Tommy Angkor គឺជាការបំភ្លៃបោកប្រាស់បន្លំសាធារណៈមតិ និងបានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកជនដែលបាននិយាយជេរបរិហារ… បង្ខូចឈ្មោះ និងខុសការពិតនេះ មកផ្តន្ទាទោសតាមច្បាប់ ។ ពាក្យបណ្តឹងបានធ្វើកាលពីថ្ងៃទី២៣ ខែឧសភា ។ មិនមានប្រភពណាបញ្ជាក់ថា តើបុរសជាម្ចាស់គណនីនោះឈ្មោះអ្វីទេ… ហើយហេតុអ្វីបានជាយករឿងមិនបានស៊ើបអង្កេតច្បាស់លាស់នេះ មកផ្សាយធ្វើអោយប៉ះពាល់ដល់មន្ទីរធនធានទឹកខេត្តបាត់ដំបងឡើយ ។

     លិខិតបណ្តឹងបានសរសេរថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងធនធានទឹកជាសេនាធិការ បានខិតខំស្ដារ និងសាងសង់ហេដ្ឋារចនាសម្ពន្ធ័ ប្រពន្ធ័ធារាសាស្ត្រយ៉ាងច្រើននៅទូទាំងប្រទេស ក្នុងគោលបំណងលើកស្ទួយ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ដោយឡែកអាងកំពីងពួយ ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ឆ្នាំ ២០១៣ ក៍បានជួសជុលស្ដារឡើងវិញ និងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ទឹកដល់ប្រជាពលរដ្ឋ ។ មន្ទីរធនធានទឹកចោទថា ការផ្សាយនេះបានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលផងដែរ ។