ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតអោយក្រុមការងារវាយតម្លៃការអនុវត្តគោល នយោបាយជាតិ ស្តីពីមុខរបរនិងការងាររបស់អង្គការអន្តរជាតិ ILO ចូលជួបពិភាក្សាការងារ


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតអោយក្រុមការងារវាយតម្លៃការអនុវត្តគោល នយោបាយជាតិ ស្តីពីមុខរបរនិងការងាររបស់អង្គការអន្តរជាតិខាងការងារ(ILO) ដឹកនាំដោយលោក Theo Van Der loop ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការចុះវាយតម្លៃទៅលើការអនុវត្តនូវគោលនយោបាយមួយនេះ នៅទីស្តី ការក្រសួង រសៀល ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការវាយតម្លៃនេះអង្គការអន្តរជាតិខាងការងារ នឹងរកឲ្យឃើញថា តើតម្រូវការអ្វីខ្លះដែលជាការចាំបាច់ក្នុងការអនុវត្តន៍នូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា។ ហើយ តាមរយៈការវាយតម្លៃនេះដែរ ការអនុវត្តន៍នឹងមានលទ្ធផលជាផ្លែផ្កា នឹងត្រូវបានពង្រីកឡើងថែមទៀត។ ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបន្តថា នេះជាលើកទីមួយហើយ ដែលក្រុមប្រតិភូនេះបានមក ជួបពិភាក្សាដោយផ្ទាល់ ហើយនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមអ្នកជំនាញពាក់ព័ន្ធនឹងជួបពិភាក្សា ការងារជាមួយក្រុមអ្នកបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើការពិនិត្យនិងវាយតម្លៃលើគម្រោងរួមមួយ រវាងប្រទេសចំនួន០៦ ក្នុងនោះមានកម្ពុជា ម៉ូរូកូ ម៉ូណូវ៉ែល ប៉ារ៉ាហ្កាយ សូដង់ និងទុយណេស៊ី ដោយជ្រើស រើសយកកម្ពុជា ជាប្រទេសដែលបានអភិវឌ្ឍន៍ក្របខ័ណ្ឌគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារល្អ ជាងគេ។

ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានបង្ហាញអំពីអ្វីដែលកម្ពុជាចង់បានពីគោលនយោបាយនេះឲ្យមាន វឌ្ឍនភាពសម្រាប់អនុវត្តនៅថ្ងៃខាងមុខ បង្ហាញពីលទ្ធផលផ្លែផ្កា ដែលនេះជាការចង់បានរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចជំនួបនាពេលនោះ លោក Theo Van Der loop ប្រធានក្រុមការងារវាយតម្លៃការអនុវត្តគោល នយោបាយជាតិស្តីពីមុខរបរនិងការងាររបស់អង្គការអន្តរជាតិខាងការងារ(ILO) បានលើកឡើងថា នៅពេលនេះ យើងបានឈានមកដល់ដំណាក់កាលមួយក្នុងការវាយតម្លៃលើកិច្ចព្រមព្រៀងគម្រោងដៃគូអង្គការអន្តរជាតិខាង ការងារ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ហៅថា SIDA។ លោកបន្តទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ គឺបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះកម្ពុជាបានចូលរួមចំនួន២ដំណាក់ កាលរួចមកហើយ។

លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ ផ្តល់ការគាំទ្រទៅលើការបង្កើតគោលនយោបាយ ជាតិស្តីពីមុខរបរនិងការងារ ព្រមទាំងជួយឲ្យមានការអនុវត្តន៍ និងធ្វើឲ្យគោលនយោបាយនេះ ក្លាយជា គោលនយោបាយថ្នាក់តំបន់សម្រាប់យុវជន។ យ៉ាងណាក៏ដោយ ភាគីជំនួបអះអាងថា ការអនុវត្តន៍នេះ នឹងសិក្សាលើផលប៉ះពាល់ ថាមានភាពវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តន៍គម្រោងនេះមាននិរន្ត៍រភាព៕