ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់ ក្សាក រួចរាល់ស្ថាពរ


បញ្ហាខ្វះខាតទឹកនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានដោះស្រាយ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់ ក្សាក រួចរាល់ស្ថាពរ ។ ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានសាងសង់ឲ្យទៅជាប្រព័ន្ធមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ (Complete Irrigation System) ពោលគឺអាចបញ្ជូនទឹកឱ្យចូលដល់ដីស្រែរបស់កសិករតែម្តង ។

សូមរំលឹកជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់ ក្សាក ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ។ ការងារសាងសង់ដែលបានអនុវត្ត រួមមាន ៖
– សាងសង់ទំនប់អាងទឹក ០១ ខ្សែ ប្រវែង ១.០៥០ ម៉ែត្រ ។
– សាងសង់ទំនប់សណ្តរ ០១ ខ្សែ ប្រវែង ១.៨៥០ ម៉ែត្រ ។
– សាងសង់ប្រឡាយមេ ០៣ ខ្សែ ប្រវែង ១០.៨៥០ ម៉ែត្រ ។
– សាងសង់ប្រឡាយរង ០១ ខ្សែ ប្រវែង ៣.៥៧៨ ម៉ែត្រ ។
– សាងសង់ប្រឡាយនាំទឹក ០២ ខ្សែ ប្រវែង ១.៨៤០ ម៉ែត្រ ។
– សាងសង់ប្រឡាយជើងក្អែប ២៣ ខ្សែ ប្រវែង ១១.៧០០ ម៉ែត្រ ។
– សាងសង់ផ្លូវលំ ០១ ខ្សែ ប្រវែង ៧៣៨ ម៉ែត្រ ។
– សាងសង់សំណង់សិល្បការធំតូច សរុប ចំនួន ២៦៨ កន្លែង ។
– សាងសង់ផ្ទះសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង ។
ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦០៨ ហិកតា និងស្រូវប្រាំង ចំនួន ១១៤ ហិកតា ។