អ្នកសារព័ត៌មានអាជីពទទួលការបណ្តុះបណ្តាលបង្កើនសមត្ថភាពស្តីពីការប្រែប្រួលអាកាសធាតុ


នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការគាំទ្រពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មានអាជីពសរុប៥០នាក់ដែលមានតួនាទីជាអ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី នៃបណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមធើ្វសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទាន់ពេល។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

មន្រ្តីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមន្រ្តីជំនាញសារព័ត៌មាននៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញគន្លឹះដែលទាក់ទងនឹង ១) ទំទាក់ទំនងរវាងការប្រែប្រួលអាកាសធាតុទៅនឹងបញ្ហាអភិវឌ្ឍក្នុងប្រទេសកម្ពុជា ២) តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផលិតអត្ថបទទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ៣) ការឆ្លើយតបពីស្ថាប័នជាតិ និងអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៤) ប្រភពព័ត៌មាន ឬប្រធានបទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ និង ៥) ការចែករំលែកបទពិសោធន៍នៃការសរសេរព័ត៌មានការនិងប្រែប្រួលអាកាសធាតុ។