លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ជុះបឋមសិលាសម្ពោធបើកការដ្ឋានសាងសង់អាគាររដ្ឋបាលបន្ថែមទៀត ដែលមានកម្ពស់ ៦ជាន់ នៅក្នុងទីស្តីការក្រសួង


នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានការសាងសង់អាគាររដ្ឋបាលកំពស់៦ជាន់ របស់ក្រសួង នៅរាជធានីភ្នំពេញ។

អាគារការិយល័យរដ្ឋបាលនេះធ្វើអំពីបេតុងអារមេ មានជាន់ផ្ទាល់ដី ជាន់ទី១ ដល់ជាន់ទី៦ និងដំបូលប្រក់ក្បឿង ដែលទទួលបានការសាងសង់ពីក្រុមហ៊ុនសំណង់ លីឈួង ដែលមានរយៈពេល ១៨ខែ ។ ការសាងសង់អាគារនេះដោយសារតែការកើនឡើងនៃមន្ត្រីរាជការ និងដើម្បីបំពេញបំពេញបន្ថែមអំពីតម្រូវការជូនមន្ត្រីរាជការក្នុងការបម្រើការងារជូនក្រសសួងឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

សូមបញ្ជាក់ថា ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចស្នូលចំនួន ៤ ៖
(១) ការងារធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសជារួមមាន៖ ធ្វើអធិការកិច្ចលើកិច្ចការរដ្ឋបាល លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការតាមដានការអនុវត្តន៌ច្បាប់ និងលិខិតគតិយុត្តិនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ដើម្បើលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញកែលម្អរបណ្តាស្ថាប័នរដ្ឋឱ្យអនុវត្តភារកិច្ចស្របតាមគន្លងច្បាប់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព និងចូលរួមចំណែក បង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើពុករលួយ (២) ការងារទទួលពាក្យបណ្តឹងមាន៖ បណ្តឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ និងការងារចុះអង្កតស្រាវជ្រាវករណីបណ្ដឹង (៣) ការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា រួមមាន៖ ធ្វើការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ចូលរួមពិនិត្យ ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់ក្រសួង ស្ថាប័ននានា ធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន និង (៤) ការងារបណ្តុះបណ្តាលមុខជំនាញអធិការកិច្ច គ្រប់កម្រិត តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច៕