ឯកឧត្តម សុខ ឥសាន បានអះអាងថា អ្នកដែលប្រឆាំង ការធ្វើវិសោធនកម្ម ដាក់ទោសអ្នក ប្រមាថព្រះមហាក្សត្រ មិនមែនជាអ្នករាជានិយម


ភ្នំពេញ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមរបស់ខ្លួន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ ឥសាន ​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានអះអាងថា អ្នកដែលប្រឆាំង ការធ្វើវិសោធនកម្ម​ ដាក់ទោសអ្នក ប្រមាថព្រះមហាក្សត្រ មិនមែនជាអ្នករាជានិយម ។

រដ្ឋសភាកាលពីពេលថ្មីៗនេះ បានបើកសម័យប្រជុំវិសាមញ្ញ ពិភាក្សាច្បាប់ ស្តីពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងវិសោធនកម្មមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដើម្បីបញ្ជាក់ពីទោសប្រមាថព្រះមហាក្សត្រ ស្របតាមរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ ដែលចែងថា អង្គព្រះមហាក្សត្រ មិនអាចអ្នករំលោភបំពានបាន ។

ឯ.ឧ ថា “សេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអនុម័ត ប៉ុន្តែមានជនអគតិមួយចំនួនតូចថា ការធ្វើវិសោធនកម្មច្បាប់នេះ រំលោភសិទ្ធិមនុស្ស ។ មិនដឹងរំលោភសិទ្ធិមនុស្សកន្លែងណាទេ មានតែចង់ទុកឲ្យ ជនអគតិបន្តប្រមាថព្រះមហាក្សត្រតទៅទៀត ហើយនិយាយថា រំលោភរដ្ឋធមនមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា អ្នកដែរនិយាយនោះ អត់ដឹងក្បាកកន្ទុយអីទេ និយាយបានតែនិយាយឲ្យរួចពីមាត់ប៉ុណ្ណោះ មិនដឹងថាខ្លួនឯងមានតួនាទីអី វាយតម្លៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ?” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ជនដែលរិះគន់ និងតិះតៀន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ​ដើម្បីដាក់ទោសទណ្ឌ លើអ្នកប្រមាថព្រះមហាក្សត្រ មិនមែនជាអ្នករាជានិយមទេ ជំទាស់ដើម្បីទុកឱកាស ឲ្យគេប្រមាថព្រះមហាក្សត្រតទៅទៀត ហើយជននោះ ជាអ្នកចង់ប្រមាថព្រះមហាក្សត្រ និងជាអ្នកប្រមាថ ដល់ស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋ ព្រមទាំងជាអ្នករំលោភសិទ្ធិ និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាអង្គការតែមួយគត់ ក្នុងការវាយតម្លៃពីធម្មនុញ្ញភាពនៃច្បាប់ និងអាចជាអ្នកមានខួរក្បាល ជាអ្នកសាធារណរដ្ឋនិយម បានជាចង់ប្រមាថព្រះមហាក្សត្រ ដូចមេឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្ស៊ី។

សូមបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ កុម្ភៈ បានអនុម័តយល់ព្រម លើច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ប្រមាថព្រះមហាក្សត្រ ដោយសំឡេងគាំទ្រ ៤៥លើ៥២សំឡេង។ ច្បាប់ថ្មីស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ប្រមាថព្រះ មហាក្សត្រ នឹងផ្ដន្ទាទោសបុគ្គលណា ដែលតុលាការរកឃើញថា មានកំហុសប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ ២.៥០០ដុល្លារ៕