ឯកឧត្តម ផៃ ស៊ីផាន បានចាត់ទុកទីភ្នាក់ងារចារកិច្ចអាមេរិក ជាមេក្លោងដែលនាំ ឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ


ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាត់ទុកទីភ្នាក់ងារចារកិច្ចអាមេរិក ជាមេក្លោងដែលនាំ ឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ ហើយថាទីភ្នាក់ងារចារកិច្ចមានចរិកលំអៀង ប្រាសចាកពីការពិតនៅកម្ពុជា ដែលមិនអាចទទួលយកបានឡើយ។

មូលហេតុដែលមន្រ្តីរាជរដ្ឋាភិបាលវាយបកទៅទីភ្នាក់ងារ ចារកិច្ចរបស់អាមេរិកនេះ ដោយសារទីភ្នាក់ងារនេះ បានចេញរបាយការណ៍ចំនួន២៨ទំព័រ វាយតម្លៃទៅលើប្រទេសច្រើនជាង១០ ដោយផ្ដោតលើបញ្ហាផ្សេងៗគ្នា រួមមាន ការគំរាមកំហែងសិទ្ធិមនុស្ស ការបង្ក្រាបដោយខុសច្បាប់ និងរិតត្បិតសិទ្ធិបញ្ចេញមតិជាដើម។

របាយការណ៍អាមេរិកនេះ បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ជាមេដឹកនាំគំរាមកំហែងប្រជាធិបតេយ្យ។ តាមរយៈរបាយការណ៍បញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគៀបសង្កត់លើស្ថាប័នឯករាជ្យ និងសង្គមស៊ីវិល។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងការពាររាជរដ្ឋាភិបាលថា អ្វីទាំងអស់ដែលរាជរដ្ឋាភិបាល ធ្វើ ដើម្បីការពារនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកុំឲ្យដើរថយក្រោយ ។បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាខ្លាំងការពារលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ។ រាជរដ្ឋាភិបាលបង្កើតឡើងនូវភាពស្របច្បាប់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់ទាំងអស់គ្នា។

ដោយឡែកការចោទប្រកាន់ថា សម្តេចតេជោ ប្រើប្រាស់ស្ថាប័នយុត្តិធម៌ អំណាច និងអំពើហិង្សាផ្នែកនយោបាយ ដើម្បីធានាដល់ការឈ្នះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ ត្រូវបាន លោក ផៃ ស៊ីផាន បញ្ជាក់ថា រយៈពេល៥អាណត្តិដែលសម្តេចតេជោ បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តី មិនមែនបានមកពីការប្រើប្រាស់ចុងកាំភ្លើងនោះឡើយ  ពោលបានមកពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តមគូសបញ្ជាក់ថា “តាមរយៈការវាយតម្លៃរបស់របាយការណ៍អាមេរិកនេះ បានបង្ហាញពីការភ័យស្លន់ស្លោរបស់ខ្លួន ខណៈដែលពួកគេមិនបានអនុវត្តនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជួយកម្ពុជាឲ្យឈានទៅរកការអភិវឌ្ឍ ផ្ទុយពីរដ្ឋាភិបាលចិន ដែលតែងជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដោយភាពស្មោះត្រង់ ពិសេសឲ្យកម្ពុជាមានលទ្ធភាពឈរដោយខ្លួនឯង និងដោយស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសនៅលើពិភពលោក”៕