ឯកឧត្តម សុខ ឥសាន ឡើងថា ” ដើម្បីបានរស់ឡើងវិញ ពួកអាយ៉ងធ្វើបដិវត្តន៏ព៌ណ ត្រូវបរាជ័យ បានខិតខំលុតក្រាប ចៅហ្វាយនាយរបស់ខ្លួន ឲ្យដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគាបសង្កត់ ឲ្យមានការចរចា


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបន្តស្តីបន្ទោស អតីតមន្ត្រីបក្សប្រឆាំង ដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយដែល ត្រូវតុលាការកំពូល កាត់សេចក្តីរំលាយចោល និងផ្អាកសកម្មភាព នយោបាយ រយៈពេល ៥ ឆ្នាំ  ពួកគេមិនទទួលស្គាល់ការពិត នៃអំពើល្មើសច្បាប់របស់ខ្លួន ក្នុងសកម្មភាពអនុវត្ត ផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៍ រំលងលទ្ធិប្រជាធិបតេយ្យ ដែលជាស្មារតី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ១៩៩១ ។

តាមរយៈបណ្តាញទំនាក់ទំនង តេឡេក្រាម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ” ដើម្បីបានរស់ឡើងវិញ ពួកអាយ៉ងធ្វើបដិវត្តន៏ព៌ណ ត្រូវបរាជ័យ បានខិតខំលុតក្រាប ចៅហ្វាយនាយរបស់ខ្លួន ឲ្យដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគាបសង្កត់ ឲ្យមានការចរចា ជាមួយពួកគេ បានរស់ឡើងវិញ និងបានចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនាថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះ” ។

ក៏ប៉ុន្តែ ពួកគេយល់ច្រឡំយ៉ាងធំ ដែលចង់យកការគាបសង្កត់ ការដាក់ទណ្ឌកម្ម មកធ្វើជាមធ្យោបាយ សម្រាប់ឲ្យខ្លួន បានរស់ឡើងវិញនោះ ។  សូមទាញអារម្មណ៍ថា បច្ចុប្បន្ននេះ នៅលើពិភពលោកនេះ មិនមែនមានតែប៉ូលមួយ ផ្តាច់មុខនោះទេ មិនមែនដូច នៅក្នុងទសរត្សរ៍ទី ១៩៧៩ទេ ។ ហើយប្រជាជនកម្ពុជា ក៏ធ្លាប់ភ្លករសជាតិ ការហុំព័ទ្ធសេដ្ឋកិច្ច និងការគាបសង្កត់សេដ្ឋកិច្ច ដ៏ជូរចត់ពីមហាអំណាចខាងលិច រួចហើយ ដោយសារតែកាន់ជើង ពួកខ្មែរក្រហមប៉ុលពត តែកម្ពុជានៅតែអាចរស់បាន រហូតដល់សព្វថ្ងៃ មានការអភិវឌ្ឈន៍ រីកចម្រើនលើគ្រប់វិស័យ កម្ពុជា មិនញញើតចំពោះការគាបសង្កត់ ដោយអយុត្តិធម៌ណាមួយ ជាដាច់ខាត ។

កម្ពុជានៅតែប្តេជ្ញា ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជានិច្ចដែលជាស្មារតី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ១៩៩១ ។

ដូច្នេះ ក្តីសង្ឃឹមថាយកការគាបសង្កត់ និងវិធានការណ៍ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បែបណា មកអនុវត្តលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់បង្ខំឲ្យមានការចរចា ជាមួយពួកល្មើសច្បាប់ និងពួកឧទ្ទាមក្រៅច្បាប់នោះ មិនអាចទទួលយកបាន និងក៏មិនអាចក្លាយជាការពិតដែរ ។ ហេតុនេះ ក្តីសង្ឃឹមរបស់ពួកជនក្រៅច្បាប់នោះ មិនអាចចេញ ជារូបរាងបានជាដាច់ខាត៕