ឯកឧត្តម សុខ ឥសាន ថា “ចំពោះសេចក្តីសម្រេចរបស់ អង្គប្រជុំរបស់ក្រុមប្រឹក្សាEUនេះ ជាការគួរឲ្យហួសចិត្តណាស់


ភ្នំពេញ៖ សហភាពអឺរ៉ុបដាក់លក្ខខណ្ឌស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា អតីតមេបក្សគណបក្ស សង្រ្គាះជាតិ (CNRP) ឲ្យមានសេរីភាព និងបានធ្វើនយោបាយ ព្រមទាំងសុំឲ្យមាន ការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌តែសំណើនេះ មិនដែលទទួល បានផលឡើយ ព្រោះអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានថ្លែងថា គ្មានឥទ្ធិពលមកលើកម្ពុជា ហើយថា ការងារចំពោះមុខ ច្រើនរាប់មិនអស់ នៅសហគមន៏អឺរ៉ុប(EU) មិនព្រមដោះស្រាយទេ  តែបែរជាយកបញ្ហាកម្ពុជា មកដោះស្រាយ ខុសមុខសញ្ញាទៅវិញ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០១៨ ថា “ចំពោះសេចក្តីសម្រេចរបស់ អង្គប្រជុំរបស់ក្រុមប្រឹក្សាEUនេះ ជាការគួរឲ្យហួសចិត្ត ណាស់ ដែលការងារចំពោះ មុខច្រើន រាប់មិនអស់នៅសហគមន៏អឺរ៉ុប មិនដោះស្រាយ បែរជាក្រុមប្រឹក្សាយកបញ្ហាកម្ពុជាមកដោះស្រាយខុសមុខ សញ្ញាទៅវិញ នេះហើយគឺ ជាការលូកដៃចូលកិច្ចការ ផ្ទៃក្នុងកម្ពុជា ដែលជាប្រទេសឯករាជ្យ និងអធិបតេយ្យមួយ ទទួលស្គាល់ និងជាសមាជិក អង្គការសហប្រជាជាតិ” ។

ឯកឧត្តម សុខ ឥសាន បានបន្តថា ការអនុវត្តច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ជាសិទ្ធិ និងភារកិច្ច របស់រាជរដ្ឋាភិបាល នៃគណបក្សឈ្នះឆ្នោត នៅកម្ពុជា ប្រកបដោយឯករាជ្យ និងមានអធិបតេយ្យភាព ។

អ្នកនាំពាក្យបក្សកាន់អំណាចបន្ថែមថា ការឲ្យដោះលែងជនក្បត់ជាតិ និងឲ្យអតីតបក្សប្រឆាំង ព្រមទាំងមន្ត្រី១១៨ រូបបានរស់ឡើងវិញ និងបានធ្វើនយោបាយវិញ គឺគ្មានទេ ដោយសារច្បាប់កម្ពុជាបានសម្រេចជាស្ថាពររួចហើយ ។
ឯកឧត្តមថា ការទាមទារកុំឲ្យយកប្រព័ន្ធយុត្តិធម៌មកប្រើ ក៏មិនអាចទៅរួចដែរ ព្រោះកម្ពុជាមិនបោះបង់ចោល ការដោះស្រាយតាមផ្លូវច្បាប់ ចំពោះជនល្មើសច្បាប់បានជាដាច់ខាត ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា កម្ពុជាមិនយកគំរូតាម ហ៊ីត្លែរ និងប៉ុលពត មកដោះស្រាយឡើយ ដូចនេះការសម្រេចយ៉ាងណា របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបនោះ មិនអាចមានឥទ្ធិពលអ្វីមកលើ ឯករាជ្យ និងអធិបតេយ្យភាព ព្រមទាំងសិទ្ធិសម្រេច របស់កម្ពុជាបានឡើយ ។

សូមរំលឹកថា ក្រុមសហភាព អឺរ៉ុបព្រមានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មដោយពិនិត្យឡើងវិញ ពីការទិញទំនិញពីប្រទេសកម្ពុជា បើរាជរដ្ឋាភិបាល កម្ពុជា មិនព្រមដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិដំណើការឡើងវិញ មិនព្រមរៀបចំការបោះឆ្នោតត្រឹមត្រូវ ដោយមានគណបក្សសង្គ្រោះជាតិ ចូលរួមផងដែរ ហើយមិនព្រមផ្តល់ សេរីភាពពេញលេញជូនប្រជារាស្ត្រខ្មែរវិញ៕