ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងបកទៅវិញថា សហភាពអឺរ៉ុប ពុំបានបិទផ្សារនាំចូលរបស់កម្ពុជានោះទេ


ភ្នំពេញ៖ ក្រោយពីហ្វេសប៊ុក របស់ លោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំង ដ៏ធំនៅកម្ពុជា បានអះអាងថា សហភាពអឺរ៉ុប(EU) នឹងបិទទីផ្សារកម្ពុជានោះ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងបកទៅវិញថា សហភាពអឺរ៉ុប ពុំបានបិទផ្សារនាំចូលរបស់កម្ពុជានោះទេ។

លោក សម រង្ស៊ី បានភ្ជាប់លក្ខខណ្ឌមួយចំនួនថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនព្រមដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើការឡើងវិញ មិនព្រមរៀបចំការបោះឆ្នោតត្រឹមត្រូវ ដោយមានគណបក្សសង្គ្រោះជាតិ ចូលរួមផងដែរ ហើយមិនព្រមផ្តល់សេរីភាពពេញលេញ ជូនប្រជារាស្ត្រខ្មែរវិញ អឺរ៉ុបនឹងបិទទីផ្សារ ទីផ្សារកម្ពុជា ។

ឯកឧត្តម ជុំ សន្ទរី បានថ្លែងក្រោយពីលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បញ្ចប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងARMAC នាទីស្នាក់ការ ARMAC នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា កម្ពុជានៅតែបន្តរក្សា ទំនាក់ទំនងការបរទេស ជាមួយបណ្តាប្រទេសដទៃទៀត នៅលើពិភពលោក រាប់ទាំងសហភាពអឺរ៉ុបផង លើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដោយមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកទេ។

ឯកឧត្តមថា កម្ពុជានឹងបន្តរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប ហើយសង្ឃឹមថា អឺរ៉ុបក៏នឹងបន្តជាមួយកម្ពុជាទៀត។

ពាក់ព័ន្ធសំណួរថា អឺរ៉ុបនឹងបិទទីផ្សារកម្ពុជា កម្ពុជាគិតម៉េច? លោកឆ្លើយថា “ខ្ញុំគិតថា នៅពេលនេះ វាដូចជាឆាប់ពេក និយាយដល់ការបិទទីផ្សារ ព្រោះនៅក្នុងសេចក្តីសម្រេច ក្នុងការប្រជុំរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏មិនទាន់បាននិយាយលើរឿងហ្នឹងដែរ អត់ទាន់មានការសម្រេចណាបិទទីផ្សារ អត់ទាន់មានទេ”៕