ស្ថាប័នរដ្ឋសភា ទាត់ចោលការស្នើតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ


     ស្ថាប័នរដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែមិថុនានេះ បញ្ជាក់ថាការស្នើអោយផ្អាកការចោទប្រកាន់ លោក កឹម សុខា មិនអាចធ្វើបានឡើយ ។

     សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យរដ្ឋសភាថ្ងៃនេះ បានសរសេរបញ្ជាក់ថា ករណីស្នើអោយផ្អាកការចោទប្រកាន់ ឯកឧត្តម កឹម សុខា នាពេលនេះ ពុំអាចទទួលបានការគាំទ្រតាមការកំណត់របស់ច្បាប់បានឡើយ ព្រោះគណបក្សសង្គ្រោះជាតិ ដែលគាំទ្រអោយផ្អាកការចោទប្រកាន់មានតែ ៣៧នាក់ យោងញ្ញត្តិចុះថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៦ របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ… ចំណែកឯសមាជិករដ្ឋសភា គណបក្សប្រជាជនកម្ពុជា ៦៨រូប សុទ្ធពុំគាំទ្រការផ្អាកនោះទេ ។

     សេចក្តីថ្លែងការណ៍របស់រដ្ឋសភាថ្ងៃ១ ខែមិថុនា បង្ហាញជំហរប្រឆាំងការផ្អាកចោទប្រកាន់ លោក កឹម សុខា នេះ គឺជាលិខិតដែលបានឆ្លើយតប នឹងក្រុមសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ ដែលចោទថា រដ្ឋសភាបានធ្វើការតាមការគាបសង្កត់ពីស្ថាប័នផ្សេង ពាក់ព័ន្ធនឹងការការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ។ សេចក្តីថ្លែងការណ៍ដដែលបានបំភ្លឺថាកិច្ចប្រជុំរបស់រដ្ឋសភាកាលពីថ្ងៃទី៣០ ខែឧសភាកន្លងមកនេះ បានស្របតាមបទបញ្ញត្តិនៃមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ… គឺក្រោយការរាយការណ៍របស់ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ លោក កឹ មសុខា ដែលជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមពីបទ «បដិសេធក្នុងការចូលខ្លួន»។ សេចក្តីថ្លែងការណ៍បានបង្ហាញថាក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី៣០ ខែឧសភានោះ គឺមានវត្តមានអ្នកតំណាងរាស្ត្រតែ ៦៨រូប ប៉ុណ្ណោះដែលគាំទ្រទាំងអស់ តុលាការបន្តនីតិវិធីរបស់ខ្លួន…និងពុំមានសម្លេងណាដែលស្នើអោយផ្អាកការចោទប្រកាន់នោះទេ ដែលមានន័យថា រដ្ឋសភាបានអនុម័តឱ្យសមត្ថកិច្ចបន្តនីតិវិធីរបស់ខ្លួនជាបន្តទៀត ។ សេចក្តីថ្លែងការណ៍ដដែលបានថ្លែងថា អ្វីទាំងនេះ គឺស្របនឹងបទបញ្ញត្តិនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងស្របតាមបទបញ្ញត្តិនៃប្រការ ៤១ថ្មី នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ។