សម្តេចតេជោសែន ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅម៉ាឡេស៊ី


Asean Malay 02 06 16 2 copy

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី ក្នុងការដឹកនាំគណប្រតិភូចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ។

     វេទិកាសេដ្ឋកិច្ចពិភពលោកបានចាប់ផ្តើមនៅព្រឹកមិញនេះហើយ ដែលមេដឹកនាំអាស៊ានទាំង១០ បានចាប់ផ្តើមពិភាក្សាចូលប្រធានបទ ។ កិច្ចប្រជុំនឹងមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦ នៅទីក្រុងគួឡាឡាំពួ ។ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះ វាគ្មិនចំនួន៦ បានឡើងធ្វើសុន្ទរកថា ក្នុងនោះរួម សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ដែលបានថ្លែងសុន្ទរកថាមួយក្រោមមូលបទ «ការរៀបចំរបៀបវារៈអាស៊ានសំរាប់ប្រជាជនទាំំងអស់និងការរីកចម្រើន»។

     សម្តេចបានមានប្រសាសន៍អំពីការតាំងចិត្តរបស់កម្ពុជា ដែលបានចួលអាស៊ាន ដែលការតាំងចិត្តនេះផងដែរ បាននាំអោយដំណើរការសេដ្ឋកិច្ចកម្ពុជាធ្វើដំណើរទៅមុខ ។ សម្តេចបានមានប្រសាសន៍បង្ហាញពីចំណុចដែលនាំអោយកម្ពុជាបានស្ថិតក្នុងដំណើរការរីកចំរើនសេដ្ឋកិច្ច គឺក្នុងរង្វង់ ២០ឆ្នាំចុងក្រោយនេះ ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជាបានស្ថិតក្នុងចំណុច ៧កណ្តក់សញ្ញា ៧ភាគរយ ជាបន្តបន្ទាប់ ។ សម្តេចបានមានប្រសាសន៍បង្ហាញនូវគន្លឺះ ដែលនាំជោគជ័យនៃកត្តាសេដ្ឋកិច្ច និងគន្លឹះដែលកំពុងប្រឈមផងដែរនាបច្ចុប្បន្ន ។

     ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នៅបានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំពាណិជ្ជកម្មពិភពលោកស្តីពី «បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់អាស៊ាន» ។

     មន្ត្រីរាជរដ្ឋាភិបាលដែលបានអមដំណើរគណៈប្រតិភូបានថ្លែងថា ក្រោយវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាននោះរួចមក សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីនៅថ្ងៃទី៣ និងទី៤ ខែមិថុនា ថែមទៀត តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ អាប់ឌុល រ៉ាហ្សាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំង២។

     ក្នុងដំណើរទស្សនកិច្ចបន្តក្នុងប្រទេសម៉ាឡេស៊ីដដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងជួបចរចាផ្លូវការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី… ហើយនាយករដ្ឋមន្ត្រីទាំង២ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែររួមមានៈ

     ១- អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស…

     ២- អនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិ ម៉ាយខ MYCORPS នៅកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញវិលមកកម្ពុជាវិញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៦ ។