រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្រពេញទំហឹងរបស់ក្រសួងពាណិជ្ជកម្ម ចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨ នៅលើទឹកដីខេត្តសៀមរាប ក្រោមការចាត់ចែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានបេសកកម្មបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយទៅជាសសរទ្រូង និងជាឆ្អឹងខ្នងនៃប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះភាពឈ្លៀសវៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសផ្តួចផ្តើមបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា ហើយបាននាំមកនូវប្រាក់ចំណូលរាប់លានដុល្លារ សម្រាប់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងខេត្តសៀមរាប។

ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដល់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើបទបង្ហាញទាក់ទងដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨ ក៏ដូចជាការគាំទ្រនានាដែលក្រសួងពាណិជ្ជកម្មបានផ្តល់ជូននាពេលកន្លងមក។ ឯកឧត្តមប្រធាន ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីទស្សនទាន និងវត្ថុបំណងនៃព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ដែលបង្កើតឡើងដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ និងបំផុសស្មារតីសាមគ្គីរវាងប្រជាជនខ្មែរ ជាពិសេសយុវជន-យុវនារី ឲ្យមានមោទនភាព និងស្រលាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងត្រូវរៀបចំឡើងរយៈពេល ៤ថ្ងៃ (ថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែមេសា) ក្រោមប្រធានបទ “#សាទរមរតកកម្ពុជា” ដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ធ្វើការស្វែងយល់កេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរ។ ព្រឹត្តិការណ៍នេះ ក៏នឹងនាំមកនូវផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនទម្រង់ដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ព្រមទាំងការបង្ហាញជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗ នៅខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍ឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារព្រះរាជដំណាក់នៃខេត្តសៀមរាប៕

Minister of Commerce supports the preparation of Angkor Songkran 2018 event.
————————-
(Phnom Penh): Minister of Commerce, HE Pan Sosak emphasized the cooperation and full support of the Ministry for organizing the event, Angkor Songkran 2018 at Siem Reap under the administration of the Union of Youth Federation, whose mission is training the youth to become a pillar and backbone of the country .

The Minister highlighted this in a meeting with the Union of Youth Federations of Cambodia, led by His Excellency Hun Many, President of the Union of Youth Federations of Cambodia and Member of Parliament for Kampong Speu Province, on 06 March 2018 at the Ministry of Commerce.

On this occasion, HE PAn sosak appreciated HE Hun many in leading the Union of Youth Federation of Cambodia, especially initiatives to promote events Angkor Songkran, on khmer New Year, which attracts millions of domestic and international tourists visiting the country and brought in millions of dollars For residents and businesses in Siem Reap.

In response, HE Hun Many expressed gratitue to the Minister for giving the opportunity to the Union of Youth Federations of Cambodia to make a presentation on the process of the 2018 Angkor Songkran event as well as the support provided by the Ministry of Commerce in the past. His Excellency Hun Many also informed the Minister about the concept and objectives of the event, Angkor Songkran was created to preserve national cultural development and promote the prestige in the international arena and inspired solidarity between people, especially young people to be proud of
our culture, civilization, traditions and customs.

Please note that this year, event of Angkor Sankrant will be held for four days (April 13-16) under the theme of “Congrats the Heritage of Cambodia” to welcome visitors of all nationalities to explore the legacies, civilization, culture, traditions, and Khmer ancestors. The event will also bring together a variety of cultural festivals such as: folk games, traditional dance performances,as well as the demise of the Khmer people in various areas in front of Angkor Wat, Lean Jul Domrey, Kyung Yu Exhibition Area and the Royal Palace’s Garden at Siem Reap Province.