រសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធក្រុមហ៊ុន អ៊ិនថាផេណេតវើក តិចណូឡូជី នៅក្នុងវេទិការបណ្តុំនៃខ្សែរសង្វាក់ អាស៊ាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា កោតសរសើរចំពោះ សមាគមពាណិជ្ជកម្មចិននៅកម្ពុជា ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការជម្រុញពាណិជ្ជកម្ម និងធុរកិច្ចចិន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈ ក្រុមហ៊ុនថ្មីនេះនឹងជួយបង្កើននូវ ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគទុន និងទេសចរណ៍ឱ្យកាន់តែរឹងមាំថែមទៀត ដែលជាផ្នែកមួយក្នុងការ អភិវឌ្ឍន៍ប្រទេស។
លោកជំទាវបានបន្តទៀតថា ទំនាក់ទំងរវាងកម្ពុជា និងចិន កាន់តែមានសន្ទុះ និងការរីកចំរើនយ៉ាងខ្លាំង ស្របពេលប្រទេសចិនមានគំរោងដ៏ធំមួយគឺគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ដែលកំពុងដំណើរការ និងបានទាក់ទាញការចូលរួមយ៉ាងសកម្មពីប្រទេសជាច្រើនក្នុងតំបន់ និងក្រៅតំបន់ រួមទាំងកម្ពុជាផងដែរ៕