លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធក្រុមហ៊ុន អ៊ិនថាផេណេតវើក តិចណូឡូជី


រសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធក្រុមហ៊ុន អ៊ិនថាផេណេតវើក តិចណូឡូជី នៅក្នុងវេទិការបណ្តុំនៃខ្សែរសង្វាក់ អាស៊ាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា​ កោតសរសើរចំពោះ សមាគមពាណិជ្ជកម្មចិននៅកម្ពុជា​ ដែល​មានជំនឿទុក​ចិត្តយ៉ាងមុតមាំលើ​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹកនាំដោយ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការជម្រុញពាណិជ្ជកម្ម និងធុរកិច្ចចិន ​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។ តាមរយៈ ក្រុមហ៊ុនថ្មីនេះនឹងជួយ​បង្កើននូវ ទំនាក់ទំនងសេដ្ឋកិច្ច​​រវាង​កម្ពុជា និងចិន ជាពិសេស លើ​វិស័យ​ពាណិជ្ជក​ម្ម វិនិយោគទុន និងទេសចរណ៍ឱ្យកាន់តែរឹងមាំថែមទៀត ដែលជាផ្នែកមួយក្នុងការ អភិវឌ្ឍន៍ប្រទេស។

លោកជំទាវបានបន្តទៀតថា ទំនាក់ទំងរវាងកម្ពុជា និងចិន កាន់តែមានសន្ទុះ និងការរីកចំរើនយ៉ាងខ្លាំង ស្របពេល​ប្រទេសចិនមានគំរោងដ៏ធំមួយគឺគំនិត​ផ្តួច​ផ្តើម​​​ ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ដែល​​កំពុងដំណើរការ​ និងបាន​​ទាក់ទាញ​​ការចូល​រួម​យ៉ាង​សកម្ម​ពីប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ​រួមទាំងកម្ពុជាផងដែរ៕