ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការបែងចែកអាសនៈរបស់អតីតបក្សប្រឆាំង មិនមែនជាការរំលោភឆន្ទៈ និងសិទ្ធិនយោបាយ របស់ប្រជាពលរដ្ឋឡើយ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ការបែងចែកអាសនៈរបស់អតីតបក្សប្រឆាំង (CNRP) ទៅឲ្យបក្សផ្សេងដែលបាន ប្រកួតប្រជែងបោះឆ្នោត នៅក្នុងមណ្ឌលជាមួយគ្នា មិនមែនជាការរំលោភឆន្ទៈ និងសិទ្ធិនយោបាយ របស់ប្រជាពលរដ្ឋឡើយ ។

ឯកឧត្ត​ម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាមនៅថ្ងៃទី៨ មីនានេះថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិពេញលេញ ក្នុងសកម្មភាពនយោបាយ ។ ក្នុងការបោះឆ្នោត ឆ្នាំ២០១៣ និងការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានគណបក្សប្រជាជន គោរពនិងអនុវត្តតាមឆន្ទៈប្រជាពលរដ្ឋ ។ ប៉ុន្តែ អតីតបក្សប្រឆាំង មិនបានគោរពទាល់តែសោះ ដោយសារមិនពេញចិត្ត នឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលមិនបានបោះឆ្នោតឲ្យខ្លួន ឈ្នះឆ្នោតបានឡើងកាន់អំណាច តាមមហិច្ឆតាចង់បានរបស់ខ្លួន ។ ដូច្នេះហើយបានជា អតីតបក្សប្រឆាំង បានបដិសេធឆន្ទៈរបស់ប្រជាជនចោល តាមរយៈការប្រកាសបដិសេធ លទ្ធផលបោះឆ្នោត ទាមទារបង្កើតគណកម្មការ ត្រួតពិនិត្យលទ្ធផលបោះឆ្នោត បន្ទាប់មកទាមទារបោះឆ្នោតឡើងវិញ ដែលជាការបញ្ជាក់ថា អតីតបក្សប្រឆាំងមិនទទួលស្គាល់ឆន្ទៈ របស់ប្រជាជនរួចទៅហើយ ។

ឯកឧត្តមបញ្ជាក់ថា “ដោយផ្អែកតាមប្រព័ន្ធ បោះឆ្នោតសមាមាត្រ នៅពេលណា គណបក្សមួយត្រូវបានរំលាយ ដោយតុលាការកំពូល ស្របតាមបទល្មើស របស់គណបក្សនោះ បណ្តាអសនៈរបស់សាម៉ីគណបក្ស ត្រូវបាត់បង់ដោយស្វ័យប្រវត្តិ ។ អសនៈរបស់អតីតបក្ស ដែលត្រូវបានរំលាយនោះ ត្រូវបានបែងចែកទៅឲ្យ គណបក្សផ្សេងដែលបាន ប្រកួតប្រជែងបោះឆ្នោត នៅក្នុងមណ្ឌលជាមួយគ្នា តាមរូបមន្តបែងចែក ដែលមានចែងក្នុងច្បាប់ ។ ដូច្នេះការបែងចែកនេះ មិនមែនជាការរំលោភឆន្ទៈប្រជាជន និងសិទ្ធិនយោបាយពលរដ្ឋឡើយ” ។

ឯកឧត្តម​ សុខ ឥសាន គូសបញ្ជាក់ថា ការចោទប្រកាន់ថា ការយកអសនៈរបស់អតីតបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សផ្សេង គឺជាការរំលោភឆន្ទៈប្រជាជននោះ គឺមិនត្រឹមត្រូវទេ ។ លោកថា សូមឲ្យទទួលស្គាល់ការពិត និងការអនុវត្តច្បាប់នៅកម្ពុជាផង កុំសន្និដ្ឋាន និងវាយតម្លៃដោយ លំអៀងនយោបាយអី៕