ឯកឧត្តម សុខ ឥសាន បានបង្ហាញបទពិសោធន៍ ចំនួន៣ចំណុច ក្នុងការសង្គ្រោះប្រទេស កម្ពុជាឲ្យរួច ផុតពីគ្រោះមហន្តរាយ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបង្ហាញបទពិសោធន៍ ចំនួន៣ចំណុច ដែលជាបទពិសោធន៍ក្នុងការសង្គ្រោះប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យរួច ផុតពីគ្រោះមហន្តរាយដល់ជាតិ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមសារអេឡិចត្រូនិចតេឡេក្រាម នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ថា ដោយឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរលង់ ប្រជាជាតិកម្ពុជាបានទទួលបទពិសោធន៍ ដ៏ជ្រាលជ្រៅក្នុងការសង្គ្រោះប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះមហន្តរាយធំៗ រួមមាន ៖ ទី១- រំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៏ នៃរបបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ។

ទី២- រកបាននូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា និងការឯកភាពជាតិបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ត្រូវរលំរលាយនាឆ្នាំ១៩៩៨។ និងទី៣- បានចាត់វិធានការណ៍បង្ក្រាបបានទាន់ពេលវេលា ឧបាយកល និងសកម្មភាពបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាកម្ពុជាស្របច្បាប់ នាំមកនូវគ្រោះមហន្តរាយ ដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មី ។

ឯកឧត្តមបញ្ជាក់ថា “បើទប់ស្កាត់មិនបានទាន់ពេលវេលាទេ នោះស្ថានភាពកម្ពុជានឹងត្រូវវិលទៅរក សង្គ្រាម និងគ្រោះមហន្តរាយជាថ្មីទៀតជាមិនខាន ហើយបណ្តាសមទ្ធិផលរបស់សង្គមជាតិដែលរកបាន ដោយលំបាក រួមទាំងបូជាសាច់ស្រស់ឈាមស្រស់ យ៉ាងច្រើន នឹងត្រូវរលាយសូន្យទៅវិញជាមិនខាន” ៕