ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោក Yaron Tamir និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ

28975

នៅវេលាម៉ោង ១៤:៣០ នាទី ថ្ងៃច័ន្ទ ១១រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោក Yaron Tamir និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឱកាសនេះលោក Yaron Tamir នាយកក្រុមហ៊ុន Agro-studies (Agriculture Capacity Building) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីសារៈសំខាន់នៃជំនួបនាថ្ងៃនេះគឺក្រុមហ៊ុនមានគោលបំណងបង្កើតកសិដ្ឋានមួយសម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ។
មានមតិស្វាគមន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងក្រុមហ៊ុនជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី៣ ដើម្បីទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលទាំងទ្រឹស្តីនិងការអនុវត្ត គិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល១១ឆ្នាំហើយ មាននិស្សិតទទួលបានការបណ្តុះបណ្តាលប្រមាណជិតមួយពាន់នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថាតាមរយៈចំណេះដឹងនិងបទពិសោធន៍ ល្អៗដែលទទួលបានពីការបណ្តុះបណ្តាលនេះ ធ្វើឲ្យវិស័យកសិកម្មមានការប្រែប្រួលជារួម និងដោយឡែកវិស័យផលិតកម្មដំណាំបន្លែ ជាក់ស្តែងកសិករបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងការប្រើប្លាស្ទិចលើដំណាំបន្លែ។ ជាក់ស្តែង ការប្រើបច្ចេកវិទ្យាទាំងនេះបានត្រឹមត្រូវនោះវានឹងជួយកាត់បន្ថយថ្លៃដើមផលិត ផលិតផលិតផលមានសុវត្ថិភាព និងឈានទៅធ្វើការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងនាពេលអនាគត។ ទាក់ទងនិងគោលបំណងរបស់ក្រុមហ៊ុនដែលចង់បង្កើតកសិដ្ឋានមួយសម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថានឹងគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អចំពោះគម្រោងនេះ ព្រោះហេតុថាការអនុវត្តបច្ចេកវិទ្យាលើវិស័យកសិកម្មគឺសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចង់បង្កើនសមត្ថភាពផលិតទាំងបរិមាណ និងគុណ-ភាពដើម្បីធ្វើការនាំចេញនេះម្យ៉ាង ម្យ៉ាងទៀតការប្រើបច្ចេកវិទ្យាទំនើបៗលើវិស័យកសិកម្មគឺសមស្របទៅនឹងនិន្នាការនៃការធ្លាក់ចុះកំលាំងពលកម្មក្នុងវិស័យកសិកម្ម។ ដូច្នេះការកាត់បន្ថយទាំងថ្លៃដើម និងកំលាំងពលកម្មគឺជាជម្រើសមួយយ៉ាងល្អសម្រាប់កសិករដែលមានលទ្ធភាព និងម្ចាស់កសិដ្ឋានក្នុងការបង្កើនផលិតភាពផលិតកម្មដំណាំឈើហូបផ្លែ និងបន្លែ។
ដើម្បីពង្រីកចំណេះដឹង ផ្សព្វផ្សាយបទពិសោធន៍ និងតាមដានពីភាពជោគជ័យរបស់និស្សិតដែលបានត្រឡប់ពីប្រទេសអ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុនសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មរៀបចំសិក្ខាសាលា ឬបង្កើតព្រឹត្តិការណ៍នៃការជួបជុំនិស្សិតជាមួយក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដើម្បីឲ្យពួកគេបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើ និងអ្វីដែលទទួលបានពីចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនិងវិស័យកសិកម្មពីប្រទេសអ៊ីស្រាអែល ហើយក៏ជាឱកសដ៏ល្អសម្រាប់ក្រុមហ៊ុននិងនិស្សិតអាចសហការធ្វើគម្រោងស្រាវជ្រាវ ឬឈានទៅធ្វើកិច្ចសន្យាផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ជាពិសេសចង់បង្ហាញពីសក្តានុពលនៃធនធានមនុស្សក្នុងវិស័យកសិកម្មដែលយើងនឹងធ្វើការអភិវឌ្ឍវិស័យមួយនេះនាពេលអនាគតដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិ និងឈានទៅសម្រេចបានតាមផែនការនាឆ្នាំ២០៣០ គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីនឹងពិចារណារកពេលសមស្របណាមួយ ទៅធ្វើទស្សនកិច្ចជាថ្មីម្តងទៀតនៅ ប្រទេសអ៊ីស្រាអែលក្នុងអំឡុងខែសីហាឆ្នាំ២០១៨។

 28978

 28973

 28974

 28976

 28977