ពិធីប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចប្រធានស្នាក់ការច្រកទ្វារទ្វេភាគីព្រំដែន ឡាប៉ាខេ ណាមលៀ និងដាក់ដាំ នៃខេត្តមណ្ឌលគិរី

29256

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចប្រធានស្នាក់ការច្រកទ្វារទ្វេរភាគីព្រំដែន ឡាប៉ាខេ ណាមលៀ និងដាក់ដាំ នៃខេត្តមណ្ឌលគិរី ដែលពិធីនេះបានប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃតី១៤ ខែមីនា ឆ្នាំ២០១៨។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចប្រធានស្នាក់ការច្រកទ្វារទ្វេរភាគីព្រំដែនទាំងបី នៃខេត្ត មណ្ឌលគិរី លោក ហឿន សុខណា ពីប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគី ណាំលៀ ស្រុកពេជ្រាដា ឲ្យទៅកាន់មុខដំណែងជាប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ​ ស្រុកកែវសីមា រីឯ លោក ផូ សំអន ពីប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ​ ស្រុកកែវសីមា ឲ្យទៅកាន់មុខដំណែង ជា ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគី ណាំលៀ ស្រុកពេជ្រាដាវិញ ចំណែក លោក សៀក មុន្នី ជា ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគី ដាក់ដាំ ស្រុកអូររាំងដដែល។

នាឳកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា ការផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចប្រធានស្នាក់ការច្រកទ្វារទ្វេរភាគីព្រំដែន គឺដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីជំរុញអោយមានការអភិវឌ្ឍន៍នៅតាមច្រកទ្វារព្រំដែន ព្រោះថា ប្រធានទីស្នាក់ការច្រកទ្វារព្រំដែននីមួយៗ គឺមានអាណត្តិរយៈពេល២ឆ្នាំ ដែលក្រសួងមហាផ្ទៃបានកំណត់។ ឯកឧត្តម បន្ថែមថា បច្ចុប្បន្ននេះ ច្រកទ្វារ ព្រំដែនទ្វេភាគីនៅខេត្តមណ្ឌលគិរី មានចំនួន៥ ដោយឡែក ច្រកទ្វារទ្វេភាគីព្រំដែនចំនួន៣ ដែលអាច ដំណើរការ និងធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋបាន។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ ប្រធានទីស្នាក់ការច្រកទ្វារទ្វេភាគីព្រំដែន ត្រូវចេះសហការគ្នា ជាមួយសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងខេត្តជាប់ព្រំដែន ដើម្បីរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ នឹងលុបបំបាតបទល្មើសនានា។

លោក ផូ សំអន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគី ណាំលៀ ឡើងមានមតិប្តេជ្ញាចិត្ត ១. ប្រតិ បត្តិយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបាល និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវច្បាប់ លិខិតបទដ្ឋាននានា និងបទបញ្ជាដែលក្រសួងមហាផ្ទៃ ក៏ដូចជាខេត្តបានដាក់ចេញ។ទី២. ពង្រឹងឆន្ទៈ យកអស់ស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងសកម្មនូវតួនាទី ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងតាមច្បាប់​ដែលបាន​កំណត់។ និងទី៣. ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួម​ចំណែក និងអនុវត្តរក្សាឱ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ​ស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 29261

 29257

 29259

 29258

 29255

 29262