ឯកឧត្តម សុខ ឥសាន បានលើកឡើងថា អ្នករាយការណ៍ពិសេស (UN) គួរតែផ្ដល់ចម្លើយជាវិជ្ជមានដល់ គ.ជ.ប


ភ្នំពេញ៖ ​ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជនកម្ពុជា (CPP)  បានលើកឡើងថា អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN)ស្ដីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត គួរតែផ្ដល់ចម្លើយជាវិជ្ជមានដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំពោះការស្នើឲ្យដាក់ការិយាល័យរបស់ UN នៅក្នុងបរិវេណ របស់គ.ជ.ប។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បែបនេះបានធ្វើឡើងក្រោយពីលោក ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨បានស្នើលោកស្រី រ៉ួណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ (UN) ដាក់ទីតាំងការិយាល័យរបស់ UN នៅក្នុងបរិវេណ របស់គ.ជ.ប។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម នៅថ្ងៃទី១៤ មីនានេះថា ដើម្បីឲ្យការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ត្រូវបានវាយតម្លៃថា ប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម ព្រមទាំងប្រជាធិបតេយ្យ គួរតែលោកស្រី រ៉ូណាល់ ស្មីត មេត្តាឆ្លើយតបជាវិជ្ជមានចំពោះអញ្ជើញរបស់ គ.ជ.ប។

លោកបន្តថាការអញ្ជើញរបស់ គ.ជ.ប បានបង្ហាញយ៉ាងច្បាស់ នូវគោលជំហរ ប្រកបដោយការទទួលខុសត្រូវ និងក្លាហានរបស់
គ.ជ.ប ដែលមានបំណងចង់ ឲ្យការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ស្របតាមបំណងប្រថ្នា របស់ប្រជាជនកម្ពុជា និងសាធារណមតិជាតិ និងអន្តរជាតិផងដែរ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ក្នុងករណី មិនមានចម្លើយជាវិជ្ជមាន ពីគណៈកម្មធិការសិទ្ធិមនុស្សនៃ អ.ស.ប តាមសំណើររបស់គ.ជ.បទេ នោះនឹងបង្ហាញឲ្យឃើញ គណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប មិនព្រមសហការ និងមិនចង់ឲ្យមានការវាយតម្លៃការបោះឆ្នោត នៅកម្ពុជាស្របតាមការពិតជាក់ស្តែងទេ”។

សូមបញ្ជាក់ថាក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសរបស់អង្គការ សហប្រជាជាតិ (UN) បានសម្ដែងការជឿជាក់លើ គ.ជ.ប ចំពោះការរៀបចំដំណើរការបោះឆ្នោត ជ្រើសតាំង សមាជិករដ្ឋសភា នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ដោយសាតែគ.ជ.បមានបទពិសោធន៍ និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការរៀបចំដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០១៧កន្លងទៅ ៕