បេសកកម្ម Pacific Angel 2016 ចាប់ផ្តើម


Pacific Angel 09 06 16 2 copy

     ទាហានអាមេរិក និងទាហានកម្ពុជា រួមនឹងទាហានពីបណ្តាប្រទេសមួយចំនួនទៀត បានចាប់ផ្តើមការហ្វឹកហ្វឺនបេសកកម្មជំនួយមនុស្សធម៌ Pacific Angel 2016 ដើម្បីជួយប្រជាពលរដ្ឋនៅខេត្តកំពត ។

     ស្ថានទូតអាមេរិក បានឲ្យដឹងថា តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា យោធាសហរដ្ឋអាមេរិក និងយោធាកម្ពុជា បានធ្វើការហ្វឹកហ្វឺនផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរគ្នានូវមេរៀនជំនាញ រវាងយោធានិងយោធា រវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៦ នៅខេត្តកំពត ដែលជាផ្នែកមួយនៃបេសកកម្ម ដែលមានឈ្មោះថា Pacific Angel 2016 មានន័យថា ៉បេសកកម្មទេវតាឆ្នាំ ២០១៦៉ នៅតំបន់ប៉ាស៊ីហ្វិក ។

     នៅក្នុងអំឡុងពេលនៃបេសកកម្មនេះ ទាហានអាមេរិក និងទាហានកម្ពុជា ចំនួនប្រហែល ៨០នាក់ រួមជាមួយនឹងទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ នឹងធ្វើការជាមួយគ្នាជាដៃគូ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងខេត្តកំពត ។

     Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយមានការចូលរួម និងការដឹកនាំយ៉ាងសកម្មពីកំលាំងទ័ពអាកាស របស់សហរដ្ឋអាមេរិក ។ Pacific Angel រួមមានកម្មវិធីវិស្វកម្មព្យាបាលជំងឺកុមារ ជំងឺភ្នែកជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេស ទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ ។

     បេសកកម្មនេះ លើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ ក្នុងមហន្តរាយរបស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះផ្តល់សេវាចាំបាច់ ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល ។ បេសកកម្មនេះនឹងត្រូវបញ្ចប់ជាមួយនឹងពិធីបិទនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៦ ។

Pacific Angel 09 06 16 3 copy

Pacific Angel 09 06 16 4 copy

Pacific Angel 09 06 16 5 copy