ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ

29315

អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសកលវិទ្យាល័យអន្តរជាតិ ថ្នាក់វេជ្ជបណ្ឌិត សរុបចំនួន ៤៧៤នាក់ ស្រី ១៦៤ នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែភល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់សកលវិទ្យាល័យ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ដែលទទួលដឹកនាំគ្រប់គ្រងផ្ទាល់ ធ្វើឱ្យ សកលវិទ្យាល័យនេះមានការវិវត្តន៍រីកចំរើន ប្រកបដោយគុណភាពគួរឱ្យកត់សំគាល់ ។ ដូចដែល ឯកឧត្តម សាបូ អូហ្សាណូ បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ដោយបានរំលេចឲ្យឃើញនូវស្ថានភាព និងសមិទ្ធិផល ដែលសាកលវិទ្យាល័យ អន្តរជាតិ បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបណ្តុះបណ្តាលនូវធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនមាន ដូចជា អគារសិក្សា មន្ទីរពេទ្យបណ្តុះបណ្តាល មន្ទីរពិសោធន៍ រោងចក្រផលិតឱសថ អន្តេវាសិកដ្ឋាន បណ្ណាល័យ អ៊ិនធើណែត អន្តេវាសិកដ្ឋាន ដ៏ដូចជាមានវិទ្យុ និង ទូរទស្សន៍ដើម្បីបម្រើដល់សេវាផ្សព្វផ្សាយរបស់ខ្លួន និងការបម្រើដល់ការអប់រំសុខភាព សហគមន៍ទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បុគ្គលិក និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យអន្តរជាតិ ដែលបានបង្កើតនូវសមិទ្ធផលដ៏វិសេសវិសាលដែល សរបញ្ជាក់ឲ្យឃើញថា ការចូលរួមចំណែកក្នុងវិស័យឯកជន គឺជាផ្នែកមួយដែលមានសារសំខាន់ និងមិនអាចកាត់ផ្តាច់បានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ។ ជាក់ស្តែងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ ដែលបានចូលរួមសហការជាមួយ នឹងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងជួយសង្គ្រោះដល់អ្នកជម្ងឺដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ មន្ត្រីរាជការជាប់កិច្ចកិច្ចសន្យា និងអតីតមន្ត្រី រាជការ កម្មករ-កម្មការិនី បុគ្គលិកក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានសិក្សាទាំងអស់ មកទទួលសេវាថែទាំសុខភាព និងព្យាបាល នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើប្អូនៗជ័យលាភីទាំងអស់ ត្រូវយកចំណេះវិជ្ជា ដែលមានទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សង្គមកម្ពុជាទាំងមូល ជាពិសេសត្រូវយកចិត្ត ទុកដាក់ក្នុងការព្យាបាលអ្នកជំងឺឱ្យបានដិតដល់បំផុត ដោយមិនប្រកាន់វណ្ណៈ ទ្រព្យសម្បត្តិ និងត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាគ្រូពេទ្យល្អក្នុងការជួយ សង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាយើង។ ជាការពិតណាស់ ការអប់រំមនុស្សមានការលំបាក ហើយត្រូវការនូវភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាមធ្វើជាគម្រូគេ តាំងតែពីអាកប្បកិរិយា ការនិយាយស្តី និងការប្រព្រឹត្តផ្សេងៗ។ ការអប់រំមនុស្សឲ្យល្អ គឺជាការលំបាកខុសប្លែកពីការដាំដុះដើមឈើ បន្លែបង្ការ ព្រោះថា ការដាំដុះដើមឈើ បន្លែបង្ការ បើយើងថែទាំមិនបានល្អ ស្រោចទឹកមិនបានគ្រប់គ្រាន់ ដាក់ជីមិនបានត្រឹមត្រូវ នោះវាគ្រាន់តែមិនបានផលប៉ុណ្ណោះ គឺមិនជះឥទ្ធិពលអ្វីធំដុំដល់សង្គមជាតិឡើយ។ ប៉ុន្តែសម្រាប់ការអប់រំមនុស្សវិញ ប្រសិនបើយើងមិនបានអប់រំពួកគេឲ្យបានល្អនោះទេ ពួកគេនឹងក្លាយទៅជាមនុស្សអសកម្ម ប្រព្រឹត្តនូវអំពើអវិជ្ជមាន បង្កភាពវឹកវរនៅក្នុងសង្គមរហូតដល់អាចធ្វើឲ្យសង្គមជាតិស្ថិតនៅក្នុងអស្ថេរភាពបាន។

ឯកឧត្តម បានកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតដល់ទទួលបានជោគជ័យជាស្ថាពរ ហើយសង្ឃឹមយ៉ាងមុតមាំថាក្មួយៗនឹងយកចំណេះដឹងនិងចំណេះធ្វើដែលមានបូកផ្សំជាមួយបទពិសោធន៍ការងារកន្លងមក ដើម្បីប្រើប្រាស់ក្នុងការងារប្រកបដោយជោគជ័យ និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង។ និងសូមផ្តែផ្តាំផងដែរដល់ក្មួយៗចូលរួមធ្វើអំពើល្អ សក្តិសមជាធនធានមនុស្សប្រកបដោយគុណភាព មានទាំងចំណេះដឹង ចំណេះធ្វើ សុភាពរាបសារ ទន់ភ្លន់ មានសាមគ្គីល្អ មានសីលធម៌រស់នៅល្អ ស្អាតស្អំ ដើម្បីជាគំរូល្អដល់ស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើងបន្តទៀត។

 29321

 29320

 29316

 29324

 29323

 29322

 29319

 29318

 29328

 29327

 29325

 29317