រដ្ឋបាលខេត្តនិងលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ នៅសណ្ឋាគារខេអឹម បានរៀបចំកិច្ចប្រជុំស្តីពីរៀបចំផែនការសកម្មភាពឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងនោះ លោក ផាន់ វណ្ណសិទ្ធ ប្រធាន លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តក៏មានវត្តមាននៅក្នុងឱកាសនោះដែរ ។
ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍បើកកិច្ចប្រជុំនោះថា ដោយផ្អែកទៅលើប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខនោះ រដ្ឋបាលខេត្តនិងលេខាធិការដ្ឋានគណកម្មការរៀបចំការបោះឆ្នោតខេត្ត បានរៀបចំឲ្យមានកិច្ចប្រជុំនេះឡើងក្នុង គោលបំណងឲ្យរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទទួលបានផែនការសម្រាប់យកទៅអនុវត្តនៅតាមមូលដ្ឋាន របស់ខ្លួន ។ ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានផ្តោតការយកចិត្តទុកដាក់អនុវត្តការងារ ជាពិសេស ខិតខំជួយជម្រុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះនិងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា ។
លោក ផាន់ វណ្ណសិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា សម្រាប់ខេត្តពោធិ៍សាត់មាន៥ស្រុកនិងក្រុង១ និងមាន៤៩ឃុំ សង្កាត់មាន៦៧៧ការិយាល័យបោះឆ្នោតនិងប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទូទាំងខេត្តមានចំនួន២៨៥.៣០១នាក់។ លោកបានលើកទៀតថា ការបោះឆ្នោនៅឆ្នាំ ២០១៧នេះ ត្រូវចុះឈ្មោះអ្នកគ្រប់អាយុបោះឆ្នោតជាថ្មីឡើងវិញទាំងអស់គឺចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ដើម្បីឲ្យកិច្ចការចុះឈ្មោះអ្នកបោះឆ្នោតនេះបានដំណើរការទៅមានភាពរលូន គឺទាមទាឲ្យឃុំ សង្កាត់ ជ្រើសរើសក្រុមការងារដែលមានសមាជិកចាប់ពី៣នាក់ទៅ៥នាក់ក្នុងនោះត្រូវមានស្មៀននិងការីមានជំនាញខាងកំព្យួទ័រម្នាក់ផងដែរ ទៅតាម ឃុំ សង្កាត់មានប្រជាពលរដ្ឋឬច្រើន។ ក្នុងនាមប្រធាន លេខាធិការដ្ឋានលោក បានសំណូមពរដល់ លោកមេឃុំ ចៅសង្កាត់និងមេភូមិត្រូវមានការចូលរួមសហការ ក្នុងការប្រមូល គៀងគរប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណបណ្ណ័សញ្ញាតខ្មែរគម្រូថ្មី ឲ្យបាន គ្រប់ៗបើមិនដូច្ឆោះទេ ពុំមានសិទ្ធិក្នុងការបោះឆ្នោតនោះឡើយ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានស្នើទៅដល់មន្ទីរ អង្គភាព ពិសេសស្នងការដ្ឋាន នគរបាលខេត្ត គប្បីបង្កលក្ខណៈនិងចូលរួមដោះស្រាយជា ថវិកា សម្ភារៈដើម្បីជួយជម្រុញទៅដល់កិច្ចដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គម្រូថ្មីដែលនៅសេសសល់ឲ្យបានគ្រប់គ្នា ជួយសម្រួលដល់ក្រុមការងារចុះឈ្មោះអ្នកបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់និងផ្សព្វផ្សាយតាមរយៈបដា តាមដងផ្លូវសាធារណៈ ទីប្រជុំជន ភូមិ ឃុំ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពាក់ពន្ធ័ទៅនឹងពេលវេលាកំណត់នៃការចុះឈ្មោះនិងបានទៅចុះឈ្មោះតាមភូមិ ឃុំ សង្កាត់ដែលពួកគាត់រស់នៅបានឆាប់រហ័ស ស្របទៅតាមពេលវេលាប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ ៕