ឯកឧត្តម សុខ ឥសាន ៖ គណបក្សប្រជាជន អត់មានទំនាស់ជាមួយគណបក្សសង្គ្រោះជាតិទេ ដូចនេះមិនចាំបាច់ចូលគាល់ព្រះមហាក្សត្រដើម្បីដោះស្រាយឡើយ


(ភ្នំពេញ) ៖ បន្ទាប់ពីមានការអំពាវនាវពីមន្ដ្រីគណបក្សសង្គ្រោះជាតិ ឱ្យគណបក្សធំៗទាំង២ចូលគាត់ព្រះមហាក្សត្ររួមគ្នាដើម្បីទទួលយក ព្រះរាជបន្ទូលពីព្រះអង្គក្នុងការស្វែងរកដំណោះស្រាយនយោបាយនោះ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់តបទៅវិញថា គណបក្សប្រជាជនមិនមានទំនាស់ជាមួយគណបក្សបសង្គ្រោះជាតិនោះទេ ហើយក៏មិនចាំបាច់ត្រូវចូលគាត់ព្រះមហាក្សត្រដែរ។
ឯកឧត្តម បានបញ្ជាក់ថា “ចំពោះការអំពាវនាវឬការធ្វើស្អីៗនោះ គណបក្សប្រជាជនមិនមានការចាប់អារម្មណ៍ទេព្រោះគណបក្សប្រជាជនអត់មាន ទំនាស់ជាមួយគណបក្សនយោបាយណាទេ ក៏អត់មានត្រូវដោះស្រាយដែរ…”។
ឯកឧត្តម បានបន្ថែមថា “សភាពការណ៍កន្លងទៅនេះ មិនមែនទំនាស់រវាងគណបក្ស និងគណបក្សនោះទេ គឺជាទំនាស់រវាងសមាជិកគណបក្សសង្គ្រោះជាតិជាមួយច្បាប់។ ពេលដែលគាត់ប្រព្រឹត្តល្មើសច្បាប់គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនបាច់ទាមទារអី សំណូមពរអី អំពាវនាវអីឱ្យគណបក្សប្រជាជនជួយដោះស្រាយទេ អ្នកណាប្រព្រឹត្តល្មើសច្បាប់ អ្នកហ្នឹងទទួលខុសត្រូវ។
ដោយឡែក រំលឹកដល់ការគ្រោងធ្វើពិធីសាសនានៅមុខព្រះអង្គចេក ព្រះអង្គចមនៅខេត្តសៀមរាបរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នោះ ឯកឧត្តម សុខ ឥសាន ក៏បានលើកឡើងថា “ព្រះអង្គចេក ព្រះអង្គចមលោកជួយតែអ្នកប្រព្រឹត្តត្រឹមត្រូវទេ…អ្នក ប្រព្រឹត្តល្មើសច្បាប់ព្រះអង្គចេក ព្រះអង្គចម លោកជួយមិនបានទេ…ដុតធូបធ្វើអី វាអត់ត្រូវទេ កុំឱ្យបន្ទន់ចិត្តអ្នកនយោបាយ ឥឡូវបើ បន្ទន់ចិត្តអ្នកនយោបាយសុំឱ្យអ្នកនយោបាយដែលប្រព្រឹត្តល្មើសច្បាប់ ហ្នឹងទទួលខុសត្រូវចំពោះមុខច្បាប់ទៅវាចប់ហើយ វាអត់មានកម្ដៅនយោបាយអីទេ។
គួររំលឹកថា ក្នុងឱកាសថ្លែងទៅកាន់អ្នកគាំទ្រស្ដីពីការវិវត្តន៍នៃស្ថានភាពនយោបាយ នៅកម្ពុជាបច្ចុប្បន្ន លោកសុន ឆ័យ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យគណបក្សប្រជាជន កម្ពុជាចូលគាល់ព្រះមហាក្សត្ររួមគ្នាដើម្បីទទួលយកព្រះបន្ទូលពី ព្រះអង្គក្នុងការស្វែងរកដំណោះស្រាយនយោបាយ។
លោកថា “ខ្ញុំថាបើមិនយល់ទាស់ទេ ជាឱកាសមួយដែរគណបក្សទាំង២គឺគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ចូលគាល់ព្រះករុណារួមគ្នា ដើម្បីថ្វាយជូនព្រះមហាក្សត្រនូវបញ្ហាទាំងឡាយ បច្ចុប្បន្ននេះហើយដើម្បីទទួលបានព្រះរាជឱវាទដើម្បីដោះស្រាយ។ យើងជឿថាពេលព្រះមហាក្សត្រ មានព្រះរាជបន្ទូលផ្តល់ជាឱវាទគណបក្សនីមួយៗនឹងយកចិត្តទុកដាក់ ខ្ពស់បំផុត”៕