ឯកឧត្តម សុខ ឥសាន បានលើកឡើងដោយចោទជាសំណួរថា តើទណ្ឌិតសម រង្ស៊ី ជាឪ ឬជាខ្ញុំបម្រើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា?


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងដោយចោទជាសំណួរថា តើទណ្ឌិតសម រង្ស៊ី  អតីតប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ដែលបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ ជាឪ ឬជាខ្ញុំបម្រើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា?

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាម រយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ថា “សម រង្ស៊ី បានដាក់ខ្លួនធ្វើជាខ្ញុំបម្រើ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ បែរជាមានមតិពីក្រៅប្រទេសមកថា ដោយសារសម រង្ស៊ី បានលើកអំណាច ជូនសម្តេចតេជោ ហ៊ុន សែន សម រង្ស៊ី ជាឳពុក របស់សម្តេចតេជោ ហ៊ុន សែន ទៅវិញ”។

ឯកឧត្តមបន្តថា “ចំពោះមតិទាំងពីរខាងលើនេះ តើមួយណាមានលក្ខណៈសមហេតុសមផលជាង? អាស្រ័យលើការពិចារណា របស់មនុស្សម្នាក់ៗចុះ។ ប៉ុន្តែ ចំពោះគណបក្សប្រជាជនកម្ពុជា ប្រកាន់យកមតិទី១ ជាសំខាន់ជាង និងសមស្របជាង ពីព្រោះ ដោយសារការធ្វើវិសោធនកម្ម៥០បូក១ នេះហើយ ទើបគណបក្សប្រជាជនកម្ពុជាមានការងាយស្រួលនិងកាន់អំណាចបានយ៉ាងរឹងមាំ ដូចសព្វថ្ងៃនេះ។ ឯសម រង្ស៊ី ពិតជាខ្ញុំបម្រើសម្តេចតេជោ ហ៊ុន សែន មែនហើយ ដោយសារធ្វើ នយោបាយកំដរ សម្តេចតេជោ រហូត”។

ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា ប្រជាជនកម្ពុជា នៅចងចាំមិនភ្លេចទេថា ដោយសារចងគំនុំនឹងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅរវាងឆ្នាំ២០០៦ លោក សម រង្សី បានចូលរួមធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយប្តូរពីការអនុម័តច្បាប់នានា តាមសម្លេង២/៣ មកនៅត្រឹម៥០ បូក ១ ដែលផ្តល់លទ្ធភាពឲ្យ គណបក្សប្រជាជនកម្ពុជា អាចអនុម័តច្បាប់នានា ដោយមិនមានការ រាំងស្ទះ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា បញ្ហានេះសម្តេចតេជោហ៊ុន សែន ធ្លាប់បានបញ្ជាក់ជូនជនរួមជាតិខ្មែរថា ការចូលរួមធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញ មកនៅត្រឹមសម្លេង៥០ បូក១នេះ របស់លោក សម រង្សី មានន័យថាលោក សម រង្ស៊ី យកអំណាចដាក់លើជើងពាន ប្រគល់ជូនគណបក្សប្រជាជនកម្ពុជា៕