ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការទាមទារ និងបង្ខំឲ្យសម្ដេចតេជោ ហ៊ុន សែន ចុះចេញពីតំណែង របស់ទណ្ឌិត សម រង្ស៊ី គឺជាសកម្មភាពគ្មានន័យអ្វីទាំងអស់


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការទាមទារ និងបង្ខំឲ្យសម្ដេចតេជោ ហ៊ុន សែន ចុះចេញពីតំណែង របស់ទណ្ឌិត សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង គឺជាសកម្មភាពគ្មានន័យអ្វីទាំងអស់ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាមនៅថ្ងៃទី២៤ មីនានេះថា ទណ្ឌិត សម រង្សី មេឧទ្ទាមក្រៅច្បាប់ ក្នុងខណៈដែលខ្លួនឯង បាននិងកំពុងនិរទេសខ្លួន នៅក្រៅប្រទេស គ្មានគោលដៅច្បាស់លាស់ បែរជាមកប្រើមធ្យោបាយទុច្ចរិត ប្រមូលកម្លាំង ដើម្បីបង្ខំឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ។

ឯកឧត្តម បន្តថា ការធ្វើសកម្មភាពបែបឆ្កួតៗនេះ របស់ទណ្ឌិតសម រង្សី កាន់តែបង្ហាញឲ្យឃើញច្បាស់ថា ទណ្ឌិតសម រង្សី និងបក្សពួកឧទ្ទាមក្រៅច្បាប់ កំពុងឡប់សតិ និងអស់សង្ឃឹមមែនទែនហើយ ។ ជាការឆោតល្ងង់បំផុត ដែលប្រកូកប្រកាស ប្រមូលកម្លាំងមហាជន កម្មករនិយោជិត និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងតែគាំទ្រយ៉ាងមុតមាំ លើការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងក្តាប់អំណាច យ៉ាងរឹងមាំក្នុងដៃនោះ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ការទាមទារ និងការប្រមែប្រមូលកម្លាំងនានាមក បង្ខំសម្តេចតេជោ ឲ្យចុះចេញ់ពីតំណែងនោះ ជាសកម្មភាពដ៏អត់ន័យបំផុត” ។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យគូសបញ្ជាក់ថា ផ្ទុយទៅវិញ ទង្វើនេះ កាន់តែដុតកំហឹងដល់ប្រជាជន មហាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យឆាបឆេះសន្ធោរសន្ធៅ ទៅលើពួកឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ទណ្ឌិត សម រង្សី ឲ្យតែឃើញមុខអាល នឹងចាត់ការភ្លាមតែប៉ុណ្ណោះ ។ បើទណ្ឌិត សម រង្សី ពិតជាក្លាហាន សូមអញ្ជើញចូលក្នុងស្រុកមក នឹងឃើញ គុកស្វាគមន៍ជាក់ជាមិនខានឡើយ ៕