ឯកឧត្តម សុខ ឥសាន ថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយតាំងពីដើមមក គឺយកតាមវប្បធម៌ នយោបាយរបស់ ខ្មែរក្រហម ប៉ុលពត ដោយយកការចងកំហឹងវណ្ណៈក្នុងសង្គម


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ តាំងពីដើមមក ធ្វើនយោបាយយកតាមគំរូរបស់ ខ្មែរក្រហម ប៉ុល ពត សុទ្ធសាធ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាមនៅថ្ងៃទី១៧ មីនានេះថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយតាំងពីដើមមក គឺយកតាមវប្បធម៌ នយោបាយរបស់ ខ្មែរក្រហម ប៉ុលពត ដោយយកការចងកំហឹងវណ្ណៈក្នុងសង្គម ។

ឯកឧត្តមបន្តថា ការធ្វើនយោបាយតាម ប៉ុល ពត របស់ទណ្ឌិត សម រង្ស៊ី រួមមាន៖ យកអ្នកមាន លោកឧកញ៉ា ថៅកែជាខ្មាំងសត្រូវរបស់អ្នកក្រ ហៅសុទ្ធតែជាថៅកែ ឧកញ៉ាចិត្តខ្មៅ, ញុះញង់ឲ្យអ្នកក្រ ចងកំហឹងនឹងអ្នកមាន មើលមុខគ្នាមិនត្រង់ ដោយកំណង់អ្នកមានជា អ្នកជិះជាន់ ជាអ្នកកេងប្រវ័ញ្ចលើអ្នក, បើគេបានកាន់អំណាច នឹងរិបអូសយកទ្រព្យសម្បត្តិ អ្នកមានចែកអ្នកក្រ ដើម្បីបោកបញ្ឆោត អ្នកក្រយកសន្លឹកឆ្នោត, រិបអូសដីធ្លីពីអ្នកមាន ចែកឲ្យអ្នក, កំណត់ថា អ្នកមានសុទ្ធតែជាអ្នប្រព្រឹត្តពុករលួយ ដោយមិនពិចារណាពី ប្រភព រកបានពីកន្លែងណា តាមវិធីណានោះឡើយ, ចោទនិងលាបព៌ណ ថ្នាក់ដឹកនាំ និងសមាជិក គណបក្សប្រជាជនកម្ពុជា សុទ្ធតែក្បាលយួន ខ្លួនខ្មែរ ធ្វើការម្រើនយោបាយយួន ។

ឯកឧត្តម បន្តទៀតថា សម រង្ស៊ី បានដើរនយោបាយតាម ប៉ុល ពត អ្នកធ្វើត្រូវចិត្តខ្លួន ជាអ្នក ស្នេហាជាតិ តែបើគេមិនដើរតាមខ្លួន គឺជាជនក្បត់ជាតិ ក្បត់បក្សភ្លាម, ដឹកនាំអត្តនោម័ត ផ្តាច់ការ តែមកចោទសម្តេចតេជោ ហ៊ុន សែន ថាផ្តាច់ការទៅវិញ, ដោយសារចង់បានអំណាច គិតតែដើរទៅឱបដៃឱបជើង បរទេសឲ្យគាបសង្កត់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនឲ្យរស់នៅបានសុខ, ទណ្ឌិង សម រង្សី ដើរតែចោទថា រាជរដ្ឋាភិបាលកម្ពុជា និងគណបក្ស ប្រជាជនកម្ពុជា ចែកដីខ្មែរឲ្យយួន ប្រើប្រាស់ផែនទីក្លែងក្លាយ ធ្វើឲ្យបាត់បង់ទឹកដី ធ្វើបាត់កោះ ត្រល់ និងដែនដីកម្ពុជាក្រោម ដោយមិនដឹងខ្យល់អីសោះ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ទង្វើ និងសកម្មភាពរបស់ទណ្ឌិត សម រង្សី គឺដើរតាមនយោបាយ របស់ខ្មែរក្រហម ប៉ុលពត សុទ្ធតែម្តង ដែលធ្វើឲ្យសង្គមជាតិខ្មែរ មិនបានសុខ” ៕