រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ចប់ទស្សនកិច្ច ៣ថ្ងៃ នៅវៀតណាម


VN 24 06 16 2 copy

     ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅវៀតណាម បានបញ្ចប់ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២ បានឯកភាពគ្នាក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន គោកឲ្យបានចប់ ដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។

     សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថ្ងៃទី២៣ ខែមិថុនានេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសទាំង២ ក៏បានឯកភាពគ្នាផងដែរ នូវការជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំង២ ឲ្យកើនដល់ ៥ពាន់លានដុល្លារអាមេរិក ។ គួរកត់សម្គាល់ថា ការឯកភាពគ្នានេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបំពេញទស្សនកិច្ច ៣ថ្ងៃ នៅប្រទេសវៀតណាម ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនានេះ ។

     ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសម្លែងការគួរសមជាមួយប្រធានរដ្ឋវៀតណាម ឯកឧត្តម ត្រាន់ ដាយក្វាង នៅវិមានប្រធានរដ្ឋ… ជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក នៅវិមានរដ្ឋាភិបាល… និងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ឯកឧត្តម ផាម ប៊ិញមិញ នៅវិមានទទួលភ្ញៀវរបស់រដ្ឋាភិបាល ។

     សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំង២ កម្ពុជា-វៀតណាម ភាគីទាំង២ បានឯកភាពគ្នាជាច្រើនចំណុច ដែលក្នុងនោះចំណុចសំខាន់ៗរួមមាន៖

     ការឯកភាពគ្នា ក្នុងពន្លឿនការងារបោះបង្គោលព្រំដែនគោក នៃប្រទេសទាំង២ ឲ្យបានចប់ជាស្ថាពរ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងប្រទេសទាំង២ ។

     ភាគីទាំង២ បានជម្រុញកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរខេត្តតាមព្រំដែនប្រទេសទាំង២ និងសហការគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ។ ភាគីទាំង២ ឯកភាពក្នុងការគាំទ្រគ្នា ទៅវិញទៅមកក្នុងក្រមខណ្ឌតំបន់ និងអន្តរជាតិ ។

     ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្មនោះវិញ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២ បានឯកភាពគ្នាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំង២ ឲ្យកើនដល់ ៥ពាន់លានដុល្លារ ដូចដែលនាយករដ្ឋមន្ត្រី ប្រទេសទាំង២ បានឯកភាពគ្នា ។ សេចក្តីរាយការណ៍បានបន្តថា ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋមន្ត្រីក្រសួងបរទេសប្រទេសទាំង២ បានឯកភាពគ្នាក្នុងការ លើកទឹកចិត្តអោយមានអ្នកវិនិយោគិនវៀតណាម មកវិនិយោគដោយផ្ទាល់នៅកម្ពុជាបន្ថែមទៀត… ជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការជៀសវាងពន្ធត្រួតស៊ីគ្នាឲ្យបានឆាប់… សម្រេចកិច្ចព្រមព្រៀងថ្មីស្តីពីពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ និងសេវាកម្មនៅតំបន់ព្រំដែន… ជម្រុញការសាងសង់ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បួងឃ្មុំ… ការទប់ស្តាត់ការរត់ពន្ធទំនិញឆ្លងកាត់ព្រំដែន… និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេសទាំង២ បានញឹកញាប់ ។

VN 24 06 16 3 copy  VN 24 06 16 4 copy