នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងហើយ

32579

ព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ ឱ្យប្រើប្រាស់នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ តំណាងក្រុមហ៊ុន Royal Express Boat អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ

នៅក្នុងដំណាក់កាលសាកល្បងនេះ មាននាវាចំនួន ០៣គ្រឿង ក្នុងនោះ០២គ្រឿងជានាវាមានបាតភ្លោះ អាចផ្ទុកអ្នកដំណើរបានចំនួន៦០នាក់ក្នុងមួយគ្រឿង ចំណែក០១គ្រឿងទៀតជានាវាមានបាតទោល អាចផ្ទុកអ្នកដំណើរបានចំនួន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ពោងសុវត្ថិភាព ចាប់ផ្តើមដំណើរការពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ដោយឥតគិតថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីការធ្វើដំណើរតាមធម្យោបាយនេះ។

សូមជម្រាបជូនថា៖ ការធ្វើដំណើរចាប់ពីព្រែកព្នៅទៅក្រុងតាខ្មៅត្រូវឆ្លងកាត់០៦ចំណតរួមមាន៖ ព្រែកព្នៅ ឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ ដោយចំណាយពេលវេលាពី៣នាទីទៅ១០នាទីពីចំណតមួយទៅចំណតមួយ និងឈប់ដាក់អ្នកដំណើរចុះឡើងមិនលើសពី១០នាទីឡើយ។

នាវាដឹកអ្នកដំណើរនេះមានល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងគិតជាមធ្យម ប្រៀបធៀបនឹងការធ្វើដំណើរតាមផ្លូវគោកមានល្បឿនលឿនជាង៣ដង ការធ្វើដំណើរពីចំណតឫស្សីកែវទៅចំណតតាខ្មៅចំណាយពេលសរុបមិនលើសពី៤៥នាទី និងដំណើរការជាប្រចាំចាប់ពីម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ថ្លៃឈ្នួលធ្វើដំណើរចំនួន៣២០រៀលក្នុងមួយគីឡូម៉ែត្រ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលទទួលបានដោយលំបាក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរួបរួមគ្នាជួយថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីមានឱកាសកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីមានសង្ឃឹមយ៉ាងមុតមាំថា៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំណេញពេលវេលា ចំណាយតិច មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

 32585

 32576

 32592

 32593

 32591

 32590

 32589

 32588

 32587

 32578

 32580

 32581

 32582

 32574

 32583