ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ទេសាភិបាល ធនាគាកណ្តាល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

32684

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅ ប្រទេសសិង្ហបុរី ក្នុងឋានៈជាប្រធានអាស៊ាន នៅឆ្នាំ២០១៨នេះ។

កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំថ្នាក់ទេសា ភិបាលអាស៊ាន និងកិច្ចប្រជុំរួមរវាងទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន គឺជាវេទិកា តំបន់ដ៏សំខាន់មួយសម្រាប់ការពង្រឹងសមាហរណកម្មវិស័យហិរញ្ញវត្ថុ ក្នុងតំបន់ ជាពិសេស ដើម្បីគាំទ្រដំណើរ សហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)។ នៅក្នុងឆ្នាំ២០១៨នេះ ប្រទេសសិង្ហបុរី បានបន្តកំណត់គោលដៅ ជាអាទិភាពសម្រាប់តំបន់ចំនួនពីរគឺ ការពង្រឹងភាពធន់ (resilience) និងលើកកម្ពស់នវានុវត្តន៍ (Innovation)។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជា ចាន់តូ បានគាំទ្រការកំណត់អាទិភាពសម្រាប់ ឆ្នាំ២០១៨ របស់ប្រទេស សិង្ហបុរី ដោយសារក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ការ ពង្រឹងភាពធន និងលើកកម្ពស់នវានុវត្តន៍ គឺជាកត្តាដ៏សំខាន់ ដើម្បីឱ្យប្រទេសនានា រក្សាបាន នូវស្ថិរភាពទាំងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ទាញយកអត្ថប្រយោជន៍ពីការរីកចម្រើន បច្ចេកវិទ្យានិងបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗស្របតាមតម្រូវការ ទីផ្សារនិងសម្រាប់ប្រជាជនក្រី ក្រ សំដៅលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងរក្សាចីរភាពកំណើន។ ឯកឧត្តម បានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈកម្មាធិការការងារនានារបស់អាស៊ាន ដែលទទួលបាន ក្នុងឆ្នាំ២០១៧ កន្លងទៅ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈាន ទៅសម្រេចបាន តាមគោលដៅនានា ដែលបានដាក់ក្នុងផែនការ២០១៦-២០២៥។

ឯកឧត្តមទេសាភិបាលបានបន្ដថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញជំហរគាំទ្រ និង ចូលរួមជាមួយ គណៈកម្មាធិការ ការងារនានាអាស៊ាន ដើម្បីអនុវត្តន៍នូវគំនិតផ្តួចផ្តើមនានា ដែលជួយពង្រឹងសមាហរណកម្ម វិស័យហិរញ្ញវត្ថុអាស៊ានផងដែរ ដែលកន្លងមកនេះ សមាហរ ណកម្មវិស័យហិរញ្ញវត្ថុអាស៊ានមិនត្រឹមតែ បង្កើនភាពសេរីនៃលំហូរមូលធន ដែលអនុញ្ញាតឱ្យ ប្រទេសសមាជិកអាចទទួលបានប្រភពទុនកាន់តែងាយ ស្រួលពីក្នុងតំបន់ប៉ុណ្ណោះទេថែមទាំង បានជួយគាំទ្រដល់ការរីកចម្រើនវិស័យពាណិជ្ជកម្ម និងការវិនិយោគ ថែមទៀតផង។ ទន្ទឹមនេះ សមាហរណកម្មវិស័យហិរញ្ញវត្ថុក៏បានជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក្នុងតំបន់ ឱ្យរឹងមាំផងដែរ។

គួរបញ្ជាក់ថា តាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាការិយាល័យ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ នៅឆ្នាំ២០១៨ សេដ្ឋកិច្ចអាស៊ាននឹងបន្តរក្សា បានកំណើនរឹងមាំប្រមាណ៥.២ភាគរយ ដែលគាំទ្រដោយភាពប្រសើរនៃសេដ្ឋកិច្ចពិភពលោក និងកំណើនតម្រូវការក្នុងស្រុក ក្រោមបរិការណ៍ដែល វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់មាន ភាពសមាហរណកម្មកាន់តែកើនឡើង។

តាមរយៈការប្តេជ្ញារបស់ថ្នាក់ដឹកនាំក្នុងវិស័យហិរញ្ញ វត្ថុអាស៊ាន សមាហរណកម្មហិរញ្ញវត្ថុ នឹងអាចសម្រេច បានកាន់តែស៊ីជម្រៅនៅឆ្នាំ២០២៥ ដែលនឹងពង្រឹងភាពធនរបស់តំបន់ ប្រឈមនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ៕

 32684

 32685