ឯកឧត្តម សុខ ឥសាន បានលើកឡើងថា របបគ្រប់គ្រងប្រទេស មិនអាចដូរបានទេ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅល្ងាចថ្ងៃទី៧ មេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា របបគ្រប់គ្រងប្រទេស មិនអាចដូរបានទេ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របបដឹកនាំនិងគ្រប់គ្រងប្រទេស គឺ ជារបប ប្រជាធិបតេយ្យ​ សេរីពហុបក្ស, រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងរបបសភានិយម។

ឯកឧត្តមបន្តថា រដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឲ្យធ្វើវិសោធនកម្ម ដើម្បីផ្លាស់ប្តូររបបដូចសព្វថ្ងៃនេះជាដាច់ខាត ។ រាល់ការបោះឆ្នោត គឺដើម្បី ជ្រើសរើសមេដឹកនាំប្រទេស ដែលស្ថិតនៅក្រោមដំបូលនៃរបបគ្រប់គ្រងដដែល ដោយគ្មានការកែប្រែឡើយ ។

បើតាមឯកឧត្តម សុខ ឥសាន “ដូច្នេះ សូមកុំយល់ច្រឡំពីគោលបំណងនិងសំណូមពរនៃការបោះឆ្នោត គ្រប់ប្រភេទនៅកម្ពុជា គឺសំដៅ ជ្រើសរើសមេដឹកនាំប្រទេស និងបណ្តាស្ថាប័នរបស់ជាតិ ដែលរួមមាន បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបង្កើតស្ថាប័ន រដ្ឋសភាជាតិ និង រាជរដ្ឋាភិបាលមួយដែលមាននាយករដ្ឋមន្ត្រីចេញពីតំណាងរាស្ត្រជាប់ឆ្នោត និងជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សឈ្នះឆ្នោត ។ បោះឆ្នោតជ្រើសតាំងសមាជិកព្រិទ្ធសភា ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភាជាតិ ។ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ។ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខ័ណ្ឌ  ។ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់”។

ដើម្បីរៀបចំរចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រងប្រទេស តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដែលមានកំណត់ក្នុងច្បាប់ ។ ហេតុនេះ សូមកុំយល់ច្រឡំឲ្យសោះថាការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ទាំងសកល និងអសកល គឺជាការផ្លាស់ប្តូររបបនោះ មិនមែនទេ វាគ្រាន់ជាការជ្រើសរើសមេដឹកនាំប្រទេស តាមឆន្ទៈរបស់ប្រជាជនតែប៉ុណ្ណោះ
មិនមែនដើម្បីផ្លាស់ប្តូររបបទេ៕