ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅលើពិភពលោកនេះ ប្រទេសណាក៏មានជនអន្តោប្រវេសន៍ដែរ ទាំងស្របច្បាប់ និងខុសច្បាប់


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅលើពិភពលោកនេះ ប្រទេសណាក៏មានជនអន្តោប្រវេសន៍ដែរ ទាំងស្របច្បាប់ និងខុស​ច្បាប់ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាម នៅថ្ងៃទី៥ មេសានេះថា នៅសហរដ្ឋអាមេរិក ដែលមានបណ្តោយព្រំដែនជាង ៣០០០គីឡូម៉ែត្ត ជាមួយប្រទេស​ម៉ិចស៊ិក មានអន្តោប្រវសន៍រាប់សែននាក់ ចូលមករស់នៅ និងធ្វើការអាមេរិក ទោះជាមាន​វិធានការទប់ស្កាត់ ដ៏តឹងរ៉ឹងយ៉ាងណាក៏ដោយ ។

ឯកឧត្តមបន្តថា ហេតុនេះហើយ បានជារដ្ឋបាលលោក ដូណាល់ ត្រាំ មានវិធានការតឹងរ៉ឹង​ថែម​ទៀត ដើម្បីទប់ស្កាត់ការហូរចូល អន្តោប្រវេសន៍ម៉ិចស៊ិកនេះ រហូតដល់ធ្វើរបងរារាំង និង​ដាក់កម្លាំងកងទ័ពចាំឃ្លាំមើលផង នៅតែមិនមានប្រសិទ្ធភាព ទប់ស្កាត់បាន ។

ឯកឧត្តម គូសបញ្ជាក់ថា “ចុះទម្រាំប្រទេសកម្ពុជាយើង ដែលមានព្រំដែនគោកជាប់គ្នា  ជាង​៣០០០​គីឡូម៉ែត្រ ជាមួយប្រទេសជិតខាងទាំងបី ។ ហេតុនេះ តើធ្វើម៉េចអាចទប់ស្កាត់​បាននោះ” ។

ឯកឧត្តម បន្ថែមថា កុំចេះតែបន្ទោស ឬវាយប្រហារមកលើ តែរាជរដ្ឋាភិបាលជាតិឯងនោះ ។ តើយើងមានប្រាក់ប៉ុន្មាន មានមធ្យោបាយស្អីខ្លះ និងមានកម្លាំងទ័ពប៉ុន្មាន និងមានមធ្យោបាយ បច្ចេកទេសប៉ុនណាទៅ ? ទោះបី សរអា មានកម្លាំងទ័ព មធ្យោបាយបច្ចេកទេសទំនើប និង ថវិការរាប់មិនអស់ ក៏នៅទប់ស្កាត់មិនជាប់ នៅតែមានហូរចូលជនអន្តោប្រវេសន៍ទៀត ។ ចុះទម្រាំខ្មែរយើង មានស្អីអាចប្រៀប នឹងអាមេរិកបានទៅ?  ៕