កម្ពុជាអំពាវនាវឲ្យឧបទ្វីបកូរ៉េមានការបង្រួបបង្រួមឲ្យបានឆាប់រហ័ស


ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន បានធ្វើការអំពាវនាវដល់ឧបទ្វីបកូរ៉េ បង្រួបបង្រួមគ្នាឲ្យបានឆាប់ រហ័ស ខណៈប្រទេសបងប្អូនគូសត្រូវនឹងគ្នានេះកំពុងប្រឈមមុខដាក់គ្នានោះ ហើយមិនតែប៉ុណ្ណោះក៏បានអំពាវនាវឲ្យមានការចរចាប្រាំមួយទ្វេភាគី ឡើងវិញយ៉ាងលឿនផងដែរ។
ការអំពាវនាវរបស់ប្រមុខការទូតកម្ពុជានេះ គឺបាន ធ្វើឡើងនៅក្នុងកិច្ចជំនួប ជាមួយនិងលោក Hwang Inmoo អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ ខាងត្បូងនាថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួងការបរទេស។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា កម្ពុជា នៅតែអំពាវនាវដល់ឧបទ្វីបកូរ៉េឲ្យមានការចរចារគ្នាដោយសន្តិវិធី និងក៏បានថ្កោលទោសដល់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងនូវអាវុធ នុយក្លេអ៊ែរនាពេលកន្លងមកដែរ។
លោកជុំ សុន្ទរីបានបន្តថា« កម្ពុជាចង់ឃើញឲ្យកូរ៉េខាងត្បូងនិងខាងជើងធ្វើការបង្រួបបង្រួមគ្នា ឲ្យបានឆាប់រហ័សដើម្បីស្របទៅតាមការចងបាន របស់ប្រជាជននៃប្រទេសទាំងពីរ»។
បើតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះលោក Hwang Inmoo ក៏បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលបានធ្វើការ ថ្កោលទោស ចំពោះកូរ៉េខាងជើងដែលបានបាញ់សាកល្បងនូវអាវុធនុយក្លេអ៊ែរ នាពេលកន្លងមកដែរ ដោយលោកបន្តថា ការបាញ់នេះគឺវាបំពាន នឹងការហាមប្រាមរបស់អង្គការសហប្រជាជាតិផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរបន្ថែមទៀតផងដែរ ខណៈកូរ៉េខាងត្បូង នឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា ជាលើកដំបូងនាខែក្រោយនេះ។
សូមរំលឹកថា នៅក្នុងកិច្ចជំនួបរវាងលោក Hwang Inmoo និងរដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជាកាលពីម្សិលមិញនេះកូរ៉េ បានសន្យាថានឹង ទទួលយក សិក្ខាកាមរបស់ក្រសួងការពារជាតិកម្ពុជា បន្ថែមទៀតផងដែរ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលជំនាញកងទ័ពកម្ពុជា ខណៈកាលពីកន្លងទៅកងទ័ពកម្ពុជាតែ២៨នាក់ប៉ុណ្ណោះដែលប្រទេសកូរ៉េបានយកទៅបណ្តុះបណ្តាលនោះ៕

Prak Sokhun 30-6-2016 (2)

Prak Sokhun 30-6-2016 (3)