ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី និងលោកជំទាវ Angela Corcoran អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានចុះពិនិត្យមើលធ្វើវឌ្ឍនភាពនៃការធ្វើស្រែបង្ហាញតាមរយៈការធ្វើទំនើបកម្ម


នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី រួមដំណើរដោយលោកជំទាវ Angela Corcoran អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានចុះពិនិត្យមើលធ្វើវឌ្ឍនភាពនៃការធ្វើស្រែបង្ហាញតាមរយៈការធ្វើទំនើបកម្ម និងយន្តូបនីយកម្មកសិកម្ម នៅតំបន់អន្លុងរាជ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងពិនិត្យកសិដ្ឋានដាំម្ទេសនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ សូមបញ្ជាក់ថា គោលបំណងជាចម្បងនៃបេសកកម្មនេះគឺធ្វើឡើងដើម្បីពិនិត្យតាម និងជំរុញឲ្យអនុវត្តន៍គោលនយោបាយនៃការធ្វើកំណែទម្រង់លើវិស័យកសិកម្ម របស់ក្រសួងដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្នុងការប្រែក្លាយវិស័យកសិកម្ម ឆ្លើយតបទៅតាមកំណើនក្នុងល្បឿនថេរនៃសេដ្ឋកិច្ចកម្ពុជា ដោយត្រូវធ្វើយន្តូបនីយកម្មកសិកម្ម ក្នុងការព្រោះស្រូវជាមួយការជ្រើសពូជសុទ្ធតម្រូវការទីផ្សារ ការពង្រាបដីស្រែ និងការធ្វើឲ្យប្រសើឡើងនៃការគ្រប់គ្រង និងចាត់ចែងទឹក (ចំណាយថវិកាតិចក្នុងការប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់) ។ ដំណើរបេសកកម្មនេះត្រូវបានពិនិត្យមើលទ្ធផល និងសកម្មភាពដូចខាងក្រោម៖
១) ការបង្ហាញគ្រឿងយន្តកសិកម្មព្រោះស្រូវស្ងួត ដោយប្រើគ្រឿងយន្តកែឆ្នៃព្រោះស្រូវឈ្មោះ អេលី និង HCC
2) ការបង្ហាញរបៀបប្រើប្រាស់យន្តកម្ម តាមរយៈនៃការកសាងភាពជាដៃគូជាមួយគម្រោងកាវ៉ាក់ ក្នុងការគាំទ្រដល់អ្នកផ្តល់សេវាកម្មក្នុងមូលដ្ឋាន សម្រាប់ធ្វើការ ពង្រាបដីស្រែដោយប្រើប្រាស់គ្រឿងយន្តកសិកម្ម គួបផ្សំការត្រួតពិនិត្យការបញ្ជាដោយប្រព័ន្ធឡាស៊ែ របស់ក្រុមហ៊ុន គង់ ងួន
៣) ការពិនិត្យមើលកិច្ចដំណើរការប្រព័ន្ធស្រោចស្រពដើរដោយស្ថានីយ៍បូមម៉ូទ័រ និងការរៀបចំប្រឡាយបេតុង ហើយនិងប្រសិទ្ធនៃការគ្រប់គ្រង និងប្រើប្រាស់ទឹក។
៤) ការពិភាក្សាការងារពីឱកាស និងបញ្ហាប្រឈមក្នុងការកសាងភាពជាដៃគូរវាងវិស័យសាថារណៈ និងវិស័យឯកចន អ្នកចែកចាយគ្រឿងយន្តកសិកម្ម និងអ្នកផ្តល់សេវាគ្រឿនយន្តកសិកម្មនៅមូលដ្ឋាន ដែលមកពីខេត្តព្រៃវែង ពោធិសាត់ និងតាកែវ ដែលស្ថិតនៅក្នុងគម្រោងកាវ៉ាក់ លើប្រសិទ្ធភាព និងចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលម្អនាពេលខាងមុខ ។
៥) ការជួបពិភាក្សាការងារជាមួយក្រុមហ៊ុនផ្គត់ផ្គង់ពូជ EAST WEST មធ្យោបាយកែឆ្នៃម្ទេស និងចុះពិនិត្យចំការម្ទេស ស្ថិតនៅក្នុងឃុំព្រែដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
សូមបញ្ជាក់ថា៖ គម្រោងខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ដំណាក់កាលទី២ ហៅកាត់ថា កាវ៉ាក់ គឺជាកម្មវិធីកសិកម្មដែលទទួលមូលនិធិពី ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលីនូវទឹកប្រាក់ចំនួន ៨៩ ដុល្លារអូស្រ្តាលីសម្រាប់អនុវត្តគម្រោងចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ គោលបំណងនៃគម្រោងនេះគឺ ដើម្បីបង្កើនផលិតភាពនិងបង្កើនចំណូលរបស់កសិករខ្នាតតូច តាមរយៈការធ្វើពាណិជ្ចកម្មស្រូវ/អង្ករ និងដំណាំផ្សេងទៀត ជាមួយនឹងការពង្រឹងប្រព័ន្ធទីផ្សារ និងការវិនិយោគលើការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ។