កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌមេគង្គ-ឡានឆាង ពិតជាបានរួមចំណែកជួយជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការអាស៊ាន និងចិន


(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌមេគង្គ-ឡានឆាងក្នុងវិស័យទេសចរណ៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ាន-ចិន។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងសិក្ខាសាលាលើកដំបូងមួយនៅខេត្តសៀមរាប ដែលមានមន្រ្តីទេសចរណ៍មកពីប្រទេសមេគង្គ-ឡានឆាងប្រមាណ ១៥០នាក់ (កម្ពុជា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម) ចូលរួមពិភាក្សាផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍គ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ ក្រោមស្មារតីរួម «មេគង្គ-ឡានទេសចរណ៍ចាប់ផ្ដើមចេញដំណើរពីតំបន់អង្គរ ហើយសមាគមន៍ទេសចរណ៍ ជាផ្នែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ» ចាប់ថ្ងៃទី០៩-១១ ខែឧសភា ឆ្នាំ២០១៨។ សិក្ខាសាលានេះ ក៏មានការចូលរួមពីឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានលេខាធិការជាតិកម្ពុជា សម្រាប់កិច្ចប្រតិបត្តិការមេគង្គ-ឡានឆាង, លោក លី ជីជា អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាបផងដែរ។

ឯកឧត្តម ថោង ខុន បានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីជំនាញទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះថា ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការអនុវត្តស្តង់ដារសហគមន៍ទេសចរណ៍របស់អាស៊ាន ដោយផ្លាស់ប្ដូរទស្សនយោបល់ទៅវិញទៅមកឲ្យបានផុលផុស និងរៀនសូត្រពីគ្នាទៅវិញទៅមកនៃកិច្ចការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសសហគមន៍ទេសចរណ៍នេះ ហើយយកមេរៀន និងបទពិសោធន៍ល្អៗទាំងនោះ ទៅចែករំលែកនៅក្នុងបណ្ដាប្រទេសនីមួយៗ ហើយក៏អាចសិក្សាបន្ថែមច្រើនទៀតពីតំបន់ផ្សេងៗ ក្រៅពីស្តង់ដារទេសចរណ៍អាស៊ាន ពិសេសស្តង់ដារ និងការអនុវត្តល្អៗមកពីប្រទេសចិន ដើម្បីរួមគ្នាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងមូល និងជំរុញការអភិវឌ្ឍទេសចរណ៍ ពិសេសវិស័យសហគមន៍ទេសចរណ៍នេះ ឆ្ពោះទៅជួយទៅជួយប្រជាពលរដ្ឋសហគមន៍ ដោយការផ្ដល់ឱកាសនៃការអភិវឌ្ឍឲ្យមាននិរន្តរភាព និងផលប្រយោជន៍ជាអតិប្បរមាជូនដល់ប្រជាសហគមន៍ក្នុងតំបន់ទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីថា ក្នុងឆ្នាំ២០១៨នេះ កម្ពុជាក៏ទទួលបានរង្វាន់ពីអាស៊ាន ស្ដីពីសហគមន៍ទេសចរណ៍ចំនួន៣ មានដូចជា សហគមន៍ជីផាត់ (ខេត្តកោះកុង) សហគមន៍កោះទ្រង់ (ខេត្តក្រចេះ) និងសហគមន៍ចំបក់ (ខេត្តកំពង់ស្ពឺ)។

ឯកឧត្តម សុក ស៊ីផាន់ណា បានឲ្យដឹងដែរថា សហគមន៍ទេសចរណ៍នេះ ជួយយ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រ បង្កើនចំណូល ការរួមចំណែក ទប់ទល់ការប្រែប្រួលអាកាសធាតុ។ សហគមន៍ទេសចរណ៍ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ដោយបានបង្កើតជាស្តង់ដារសហគមន៍ទេសចរណ៍ ដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ក្នុងនោះកម្ពុជាជាប្រទេសផ្ដួចផ្ដើមនាំមុខ ក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាននេះ។

ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលើកឡើងថា កម្ពុជានឹងខិតខំទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន យ៉ាងតិច២លាននាក់ ឬនៅឆ្នាំ២០២០នោះ លោក លី ជី ជា អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអះអាងថា ភ្ញៀវទេសចរចិន ២លាននាក់ ដែលកម្ពុជាចង់បាននេះ នឹងមកដល់កម្ពុជា មុនឆ្នាំ២០២០ ប៉ុន្តែនៅពេលជើងហោះហើរត្រង់កម្ពុជា-ចិន ត្រូវបានបង្កើន ក៏ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីផងនោះ ចំនួនទេសចរចិនមកកម្ពុជានឹងកើនច្រើនជាងនេះ។

គួររំឭកផងដែរថា កម្ពុជាមានសហគមន៍ទេសចរណ៍សំខាន់ៗជាង ៥០កន្លែង ហើយកំពុងបានអភិវឌ្ឍតាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន និងបទពិសោធន៍ល្អៗ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍។ ដោយឡែក ចំពោះសភាពការទេសចរណ៍ ៣ខែ ដើមឆ្នាំ២០១៨ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៧លាននាក់ កើនឡើង ១៣.៩% ក្នុងនោះមានទេសចរចិនជាង ៥០ម៉ឺននាក់ ដែលឈរលំដាប់លេខ១ កើនឡើងជាង ៨៥%។

ឯកឧត្តម ថោង ខុន បានឲ្យដឹងថា តាមការបញ្ជាក់ពីអង្គការទេសចរណ៍ពិភពលោក ក្នុងចំណោម ទេសចរអន្តរជាតិសរុប មានទេសចរចិនប្រមាណ ១០% មានន័យថា ក្នុងចំណោមទេសចរអន្តរជាតិ ១០០នាក់ មានទេសចរចិនចំនួន ១០នាក់។ តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង៦លាននាក់ (ក្នុងនោះមានទេសចរចិន ១.៨លាននាក់)។ នៅឆ្នាំ២០១៩ ទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក។