ឆ្លើយតបនឹងការអំពាវនាវ បក្សប្រជាធិបតេយ្យមូលដ្ឋាន, អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ឬដាក់ក្រោមការត្រួតពិនិត្យ ជាសមត្ថកិច្ចរបស់តុលាការ!



(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ឬដាក់ក្រោមការត្រួតពិនិត្យ ជាសមត្ថកិច្ចរបស់តុលាការ។

ការលើកឡើងរបស់ ឯកឧត្តម គឹម សន្តិភាពបែបនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានយកឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា អំពាវនាវឱ្យរាជរដ្ឋាភិបាល លើកលែងទោស ឬដោះលែងឱ្យនៅក្រៅឃុំដល់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។

ឯកឧត្តម គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអនុវត្តច្បាប់ ជាការធានានូវសណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខសង្គម! ការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ឬដាក់ក្រោមការត្រួតពិនិត្យ ជាសមត្ថកិច្ចរបស់តុលាការ! តុលាការ ជាអ្នកធ្វើសេចក្តីសម្រេចលើជន ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន!»