សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់រង្វាន់ដល់កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី៩


នៅរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់កីឡាករជ័យលាភី ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ កម្មវិធីរសៀលនេះគឺមានវត្តមានក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ជាច្រើនរូបចូលរួមផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំសំណេះសំណាល ជាមួយគ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនីនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាពជាខ្លាំងចំពោះក្រុមកីឡាករ កីឡាការិនីដែលទទួលបានជ័យលាភីទាំងអស់ដែលនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ។ ភាពជោគជ័យទាំងអស់នេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់កូនក្មួយកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ដែលបានធ្វើការបង្វឹក និងបណ្តុះបណ្តាលដល់កីឡាករកីឡាការិនីយើង។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងអរគុណចំពោះសហព័ន្ធកីឡា និងក្រសួងអប់រំយុវជន និងកីឡាដែលបានចូលរួមជំរុញវិស័យកីឡានេះឲ្យមានការីកចម្រើន។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ គឺមានអត្តពលិកមកពី ២០ប្រទេសចូលរួម ហើយកម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យ ដោយដណ្ដើមបាន មេដាយមាស មេដាយសំរឹទ្ធ និងមេដាយប្រាក់ជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់រង្វាន់ដល់ដល់កីឡាករ កីឡាការិនី ដែលបានទទួលជ័យជំនះក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ដែលក្នុងនោះរួមមាន៖
១) កីឡាករ សុភ័ក្រ ច័ន្ទឧត្តម (ឈ្នះបានមេដាយមាស៣ + ប្រាក់១ + សំរឹទ្ធ១) ទទួលបានថវិការដ្ឋ ៧២លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ១៧,០០០ដុល្លារអាមេរិក។

២) កីឡាករ សុខ ស៊ូណាម (ឈ្នះបានមេដាយមាស២ + ប្រាក់២ + សំរឹទ្ធ១) ទទួលបានថវិការដ្ឋ ៦៩លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ១៦,០០០ដុល្លារអាមេរិក។

៣) កីឡាករ កាង ប៊ុនឡុង (ឈ្នះបានមេដាយមាស១ + ប្រាក់២ + សំរឹទ្ធ១) ទទួលបានថវិការរដ្ឋ ៥៣លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ១២,០០០ដុល្លារអាមេរិក។

៤) កីឡាករ ចេង រោងរាជ (ឈ្នះបានមេដាយមាស១ + ប្រាក់២ + សំរឹទ្ធ១) ទទួលបានថវិការដ្ឋ ៥៣លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ១២,០០០ដុល្លារអាមេរិក។

៥) កីឡាករ កូយ មុទិតា (ឈ្នះបានមេដាយមាស១ + ប្រាក់២ + សំរឹទ្ធ១) ទទួលបានថវិការដ្ឋ ៥៣លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ១២,០០០ដុល្លារអាមេរិក។

៦) កីឡាករ ម៉េត សុខមាន (ឈ្នះបានមេដាយមាស១ + ប្រាក់១ + សំរឹទ្ធ១) ទទួលបានថវិការរដ្ឋ ៤០លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៩,០០០ដុល្លារអាមេរិក។

៧) កីឡាករ យឿន ប៊ុនឡុង (ឈ្នះបានមេដាយមាស២) ទទួលបានថវិការដ្ឋ ៣២លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៨,០០០ដុល្លារអាមេរិក។

៨) កីឡាករ នេត្រ ហាក់លី (ឈ្នះបានមេដាយមាស១ + សំរឹទ្ធ១)ទទួលបានថវិការដ្ឋ ៣៧លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៦,០០០ដុល្លារអាមេរិក។

៩) កីឡាករិនី រស់ ស្រីនិច (ឈ្នះបានមេដាយប្រាក់២) ទទួលបានថវិការដ្ឋ ២៦លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៦,០០០ដុល្លារអាមេរិក។

១០) កីឡាករ គន ផល្លី (ឈ្នះបានមេដាយប្រាក់១ + សំរឹទ្ធ១ ) ទទួលបានថវិការដ្ឋ ២៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៥,០០០ដុល្លារអាមេរិក។

១១) កីឡាករ តាំង ស្រៀសុង (ឈ្នះបានមេដាយមាស១) ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

១២) កីឡាករ សុំ គង់ហេង (ឈ្នះបានមេដាយមាស១) ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

១៣) កីឡាករ ប៉ាល ជីវ័ន (ឈ្នះបានមេដាយមាស១) ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

១៤) កីឡាករ ឃឿន ប៊ុនលាង (ឈ្នះបានមេដាយមាស១) ទទួលបានថវិការរដ្ឋ ១៦លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

១៥) កីឡាករ គនលី រតនៈ (ឈ្នះបានមេដាយសំរឹទ្ធ២) ទទួលបានថវិការដ្ឋ ២២លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

១៦) កីឡាករ បុត្រ សេរីគង្គារ (ឈ្នះបានមេដាយសំរឹទ្ធ១) ទទួលបានថវិការដ្ឋ ១១លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

១៧) កីឡាករ ហ៊ វិចិត្រ (ឈ្នះបានមេដាយសំរឹទ្ធ១) ទទួលបានថវិការដ្ឋ ១១លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

១៨) កីឡាករ តាត់ ឧត្តម (ឈ្នះបានមេដាយសំរឹទ្ធ១) ទទួលបានថវិការរដ្ឋ ១១លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

១៩) កីឡាករ ទ្រី វរលក្ខ័ណ (ឈ្នះបានមេដាយសំរឹទ្ធ១) ទទួលបានថវិការរដ្ឋ ១១លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

២០) លោក RICHOL NAM (គ្រូបង្វឹក) ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

២១) លោក បួន ហ៊ីង សុធីយ៉ា (គ្រូបង្វឹក) ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

២២) លោក កៅ មករា (គ្រូបង្វឹក) ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៤,០០០ដុល្លារអាមេរិក។

២៣) លោក ហ៊ឹម រីដា (គ្រូបង្វឹក) ទទួលបានថវិការរដ្ឋ ១១លាន ២សែនរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,៨០០ដុល្លារអាមេរិក។

២៤) លោក អ៊ឹង សុជាតា (គ្រូបង្វឹក) ទទួលបានថវិការដ្ឋ ១១លាន ២សែនរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,៨០០ដុល្លារអាមេរិក។

សម្រាប់កីឡាករ កីឡាករិនី ផ្នែកប៉េតង់ជើងឯកពិភពលោកលើកទី ១៦ ដែលបានធ្វើការប្រកួត នៅទីក្រុង កាយហ៊ូ ខេត្ត ស៊ីជៀន ប្រទេសចិនទទួលបានប្រាក់រង្វាន់ដូចខាងក្រោម៖

១) កីឡាការិនី កែ ឡេង (ឈ្នះបានមេដាយមាស១) ទទួលបានថវិការដ្ឋ ១៨លាន៤សែនរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ១០,០០០ដុល្លារអាមេរិក។

២) កីឡាការិនី អ៊ុក ស្រីមុំ (ឈ្នះបានមេដាយសំរឹទ្ធ១) ព្រមទាំងថវិការដ្ឋ ៦៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

៣) កីឡាការិនី អ៊ុន ស្រីយ៉ា (ឈ្នះបានមេដាយសំរឹទ្ធ១) ព្រមទាំងថវិការដ្ឋ ៦៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

៤) កីឡាការិនី ស្រ៊ាង សុរ៉ាឃីម (ឈ្នះបានមេដាយសំរឹទ្ធ១) ព្រមទាំងថវិការដ្ឋ ៦៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ២,០០០ដុល្លារអាមេរិក។

៥) លោក សុខ ម៉ុង (គ្រូបង្វឹក) ទទួលបានថវិការដ្ឋ ១២០លានរៀលនិងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៣០០០ដុល្លារអាមេរិក។

៦) លោក អ៊ឹង គឹមស៊្រុន (គ្រូបង្វឹក) ទទួលបានថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ៣០០០ដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរអំពីពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃ សុក្រ ទី២៥ ឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ធំជាងឆ្នាំមុនក្នុងគោលបំណងលើកស្ទួយនិងជំរុញកីឡាជាតិអោយកាន់តែរីកចម្រើន។ ពិធីបើនេះនឹងមានការយាងប្រទានភ្លើងជ័យពីព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងដង្ហែរពីព្រះបរមរាជវាំងមកកាន់ពហុកីឡាដ្ឋានជាតិផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការីនីជ័យលាភីដែលទទួលបានមេដាយខាងលើ ព្រមទាំង បានជូនពរកូនក្មួយៗកីឡាករកីឡាការិនីទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀតដើម្បីប្រទេសជាតិ៕