រាជធានីភ្នំពេញ ៖ កិច្ចប្រជុំត្រួតពិនិត្យការងារការងារត្រៀម ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ស្ដីពីការបង្ហាញទស្សនីយភាពវប្បធម៌ និងកីឡាក្បាច់គុនបុរាណខ្មែរ ការបំពាក់ភ្លើងពណ៌ អមដោយភ្លេងស្តង់ដារអន្តរជាតិ ការបាញ់កាំជ្រួចតាមក្បួនខ្នាតគ្រប់ប្រភេទ ជាពិសេសនឹងទទួលបានព្រះប្រទានភ្លើងគប់ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកដំបូងក្នុងវិស័យកីឡានៅប្រទេសកម្ពុជា ។
កិច្ចប្រជុំត្រួតពិនិត្យការងារពិធីបើក និងបិទ ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។