វេទិកាជំនួបពាណិជ្ជកម្មលើកទី៥ ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដែលបានប្រារព្ធធ្វើរយៈពេល០២ថ្ងៃ ត្រូវបានបិទជាស្ថាពរ ក្រោមបរិយាកាសស្និតស្នាល សហប្រតិបត្តិការល្អ និងលទ្ធផលគួរជាទីគាប់ចិត្ត


ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទវេទិកាជំនួបនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសង្ខេបជូនអង្គពិធីនូវលទ្ធផល​នៃកិច្ចពិភាក្សាក្នុងអំឡុងពេលនៃវេទិកានេះ ក៏ដូចជាផែនការទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស CLMV ជាមួយនឹងប្រទេសឥណ្ឌា ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសទាំងប្រាំ។ នៅក្នុងសុន្ទរកថានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់របស់វិស័យឯកជនជាកាតាលីករ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយលើកឡើងថា “វិស័យឯកជនបានចូលរួមយ៉ាងសំខាន់ក្នុងការធានាបានកំណើនដោយចេរភាព នៅក្នុងវិស័យជាច្រើនដូចជា កម្មន្តសាល កសិកម្ម កសិ-ឧស្សាហកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជំនាញ និងធនធានមនុស្ស អចលនទ្រព្យ និងទេសចរណ៍”។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តចង្អុលបង្ហាញនូវផែនការសម្រាប់អនុវត្តទៅមុខ ដោយកំណត់សកម្មភាពមួយចំនួនជាសកម្មភាពអាទិភាព ដូចជា៖

-ការបង្កើតជាតំបន់ប្រសព្វសម្រាប់ខ្សែសង្វាក់តម្លៃក្នុងតំបន់ ដោយក្នុងនោះគឺត្រូវរៀបចំក្របខណ្ឌសហប្រតិបត្តិការឧស្សាហកម្ម និងអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ដើម្បីគាំទ្រការសម្របសម្រួលបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃក្នុងតំបន់។
-ការផ្លាស់ប្ដូរគំរូអនុវត្តល្អៗ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយឥណ្ឌា និងប្រទេស CLMV មានសក្ដានុពលខ្ពស់ក្នុងវិស័យនេះ ជាពិសេសប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានការអនុគ្រោះពន្ធគយ ០% សម្រាប់ទីផ្សារសហគមន៍អឺរ៉ុប និងទីផ្សារដៃគូពាណិជ្ជកម្មធំៗដទៃទៀត។ ក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រីជូនជាយោបល់ឲ្យរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងប្រាំ ពិនិត្យ និងជ្រើសរើសយកគម្រោងក្នុងរូបភាពដៃគូរដ្ឋ និងឯកជន (PPP) ដើម្បីយកមកអនុវត្ត ក៏ដូចជាបង្កើតមូលនិធិ និងក្របខណ្ឌសម្រាប់អនុវត្តគម្រោង ដោយផ្ដោតលើកិច្ចសន្យាកសិកម្ម។ លើសពីនេះទៀត ឯកឧត្តម ក៏មានគំនិតផ្ដួចផ្ដើមឲ្យមានការសិក្សាលើការផលិតទំនិញក្រោមស្លាកសញ្ញា “Make in I-CLMV” ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារតំបន់ និងពិភពលោក។
-ទាក់ទងនឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រទេសឥណ្ឌា និងប្រទេស CLMV មានសក្ដានុពលនៅក្នុងអនុវិស័យផ្សេងៗគ្នា ដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ក្នុងគោលបំណងនេះ ឯកឧត្តម ស្នើសុំឲ្យមានការគិតគូររៀបចំការហោះហើរត្រង់ពីឥណ្ឌា មកប្រទេស CLMV ព្រមទាំងពង្រឹងសមត្ថភាពក្នុងវិស័យបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងមានការផ្លាស់ប្ដូរការសម្ដែងវប្បធ៌ម និងសិល្បៈ និងពិព័រណ៍ផលិតផលផងដែរ។
-ស្នើសុំឲ្យមានការវិនិយោគលើវិស័យសុខាភិបាល ជាពិសេសការផលិតឱសថ ដែលប្រទេសឥណ្ឌា មានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ក៏ដូចជាវិនិយោគក្នុងវិស័យមួយចំនួនទៀតដូចជា ព័ត៌មានវិទ្យា និងហិរញ្ញវត្ថុ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណជូនចំពោះក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ព្រមទាំងសហព័ន្ធឧស្សាហកម្មឥណ្ឌា ដែលបានសហការយ៉ាងល្អជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកានេះឡើង ហើយឯកឧត្តម សង្ឃឹមថា ប្រទេសទាំងប្រាំនឹងបន្ដប្រពៃណីសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត នៅវេទិកាលើកក្រោយ