ក្រសួងបរិស្ថាន បានប្រារពទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨ ក្រោមប្រធាន បទ «រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ»


ទីស្តីការក្រសួងបរិស្ថាន ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក.ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងការប្រារពទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ» ដើម្បីរំលឹកដល់សិទ្ធជាមូលដ្ឋានរបស់កុមារ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុក ដាក់ចំពោះកុមារដែលគ្មានគ្រួសារ សាច់ញាតិ និងកុមារជាជនចំណាកស្រុកជាដើម។

គូសបញ្ជាក់ថា ឆ្នាំនេះគឺជាលើកទី៣ ដែលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូច នៃក្រសួង បរិស្ថាន បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ និងទិវាកុមារកម្ពុជា ដើម្បីជាការលើកទឹកចិត្ត និងចូលរួមលេងសប្បាយរបស់កុមារដែលជាកូនៗរបស់មន្ត្រីរាជការ ចំណុះក្រសួងបរិស្ថាន ហើយឆ្នាំនេះក៏មានការចូលរួមពីប្អូនៗកុមារមកពីសាលាបឋមសិក្សាកូលាប៤ផងដែរ សរុបប្រមាណ៥០០នាក់។ ហើយក៏ ជាការជួបជុំគ្នាបណ្តុះស្មារតី និងឆន្ទ:ស្រឡាញ់បរិស្ថានទៅដល់កុមារ តាមរយៈការប្រឡងប្រណាំងផាត់ ពណ៌ និងការផ្គុំរូបភាព ការទស្សនាការដាក់តាំងបង្ហាញសំណាកសត្វ ទស្សនាការដាក់តាំងបង្ហាញ ផ្ទាំងរូបភាពអប់រំ បំផុសភាពក្លាហាន បង្កើនទំនាក់ទំនងជិតស្និទ្ធ និងសាមគ្គី ភាពរវាង មន្រ្តីរាជការ និងកូនៗមន្រ្តីរាជការ តាមរយៈការចូលរួមលេងល្បែងកំសាន្តផ្សេងៗនេះ។

ដូចនេះ ដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាល កិច្ចការពារកុមារគឺជាការងារពហុវិស័យ ដែលតម្រូវឱ្យអ្នក ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់តាមជំនាញរៀងៗ ខ្លួនលើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល ដែលនៅក្នុងនោះចំណេះដឹងបរិស្ថាន ក៏ជា ធនធាន មួយដែលកុមារទាំងឡាយគួរតែទទួលបានតាំងពីវ័យដំបូងនៃការលូតលាស់ផ្នែកកាយសម្បទា និងបញ្ញាស្មារតី ដើម្បីជាការបណ្តុះចិត្តស្រឡាញ់ និងឆន្ទ:ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការថែរក្សាជីវៈ ចម្រុះ និងការរស់នៅប្រកបដោយសុខុមាលភាព៕