ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសួរសុខទុក្ខអ្នកជំងឺ​ និងចាស់ជរាចំនួន១៣នាក់


នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសួរសុខទុក្ខអ្នកជំងឺ​ និងចាស់ជរាចំនួន១៣នាក់ នៅភូមិ​លៀក​ ភូមិឈើនាង ភូមិគោកត្រប់​ ភូមិក្បាលសេះនិងបានបញ្ជូនអ្នកជំងឺម្នាក់ដែលមានជំងឺធ្ងន់ធ្ងរ(មហារីកដុះសាច់កញ្ចឹងក)ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត​ រាជធានីភ្នំពេញ។

​ ក្នុងឱកាសនោះ ​ ឯកឧត្តម​បានបញ្ជាក់ថា​ ទោះបីជាអំណោយចែកជូននៅពេលនេះមានតិចតួចក្តី ក៏ប៉ុន្តែក៏អាចជួយសម្រួលទុក្ខលំបាក របស់ពុកម៉ែបងប្អូនបានមួយគ្រា​។ ជាពិសេស​ សូមឱពុកម៉ែ​ បងប្អូនទាំងអស់​ ត្រូវទៅពិត្យសុខភាព និងទទួលថ្នាំបង្ការជំងឺនានា នៅតាមមណ្ឌលសុខភាពដែលនៅក្បែរផ្ទះ ឲ្យបានទៀងទាត់ ។

អំណោយដែលឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកទៅចែកជូននាឱកាសនោះរួមមាន៖ ក្នុងម្នាក់ៗ​ ទទួលបានថ្នាំវីតាម៊ីន០៤បន្ទះ​ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារ៉ុង០១ ត្រីខកំប៉ុង០១ឡូ អំបិល០១គីឡូ​ ប៊ីចេង០១កញ្ចប់​ និងថវិកា១០០.០០០រៀល​ ដែលចំណាយថវិកាសរុប​ ២.៦០០.០០០​ រៀល។
​ បន្ទាប់មកឯកឧត្តម​ បានចុះត្រួតពិនិត្យផ្លូវកំពុងសាងសង់ថ្មីមួយខ្សែរដែលមានទទឹង១១ម៉ែត្រ​ និងបណ្តោយប្រវែង៤៨០០​ម៉ែត្រ​ ដែលឆ្លងកាត់ឃុំចំនួន០៣គឺ​ ឃុំព្រែករកា​ ​ឃុំទ្រា​ និងឃុំគោកត្រប់​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕