ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានប្រដូចស្ថានភាពកម្ពុជានាពេលអតីតកាល និងបច្ចុប្បន្នកាល ស្រដៀងគ្នានឹងប្រទេសរបស់ខ្លួន ។
នៅថ្ងៃទី៤ ខែកក្កដា ម្សិលមិញ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក Joa Chim Baron Von Marschall ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
លោក Joa Chim Baron Von Marschall បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានគាំទ្រ និងសហការជាមួយលោក ក្នុងពេលបំពេញបេសកកម្មកាទូតនៅកម្ពុជារយៈ ពេល ៣ឆ្នាំ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ ។ ទន្ទឹមនោះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់ផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ រវាងប្រទេសទាំងពីរ និងផ្តល់នូវការទទួលរាក់ទាក់ស្និទ្ធស្នាលជាមួយមន្ត្រីអាល្លឺម៉ង់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
លោកឯកអគ្គរដ្ឋទូតបានថ្លែងថា មានចំណុចមួយចំនួនដែលប្រទេសទាំងពីរមានស្ថានភាពដូចគ្នា ក្នុងតំណាក់កាលកសាង និងស្ថាបនាប្រទេសជាតិ ដូចជាៈ
- ប្រទេសទាំងពីរក្រោយពីបានបញ្ចប់សង្គ្រាម ក្រោយមកបានធ្វើការបង្រួបបង្រួមជាតិ ដូចកម្ពុជាកាលពី ២៥ឆ្នាំកន្លងមក ។
- កម្ពុជា អាល្លឺម៉ង់ធ្លាប់បានឆ្លងកាត់សោកនាដ្ឋកម្មពីអតីតកាល ដូចក្នុងជំនាន់ខ្មែរក្រហមដែរ ។
- ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើយុវជន និងការបណ្តុះបណ្តាលអប់រំធនធានយុវជនជាដើម គឺសុទ្ធសឹងដូចគ្នា ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលស្គាល់នូវតំណាក់កាលនីមួយៗ នៃការកសាងប្រទេស ហើយអម្រែកដ៍ធ្ងន់ធ្ងរនេះ គឺបានបន្សល់ទុកពីអតីតកាល តម្រូវឱ្យយើងខិតខំបន្ត ជាពិសេសជំរុញការអភិវឌ្ឍធនធានមនុស្ស ។ សមេ្តចតេជោ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ដែលបានឃើញយុវជន យុវនារីសព្វថ្ងៃ ស្រេកឃ្លានចំណេះដឹង ។ សម្តេចបានបញ្ជាក់ថា ធនធានមនុស្សនៅកម្ពុជា ត្រូវបានបំផ្លាញចោលស្ទើរផុតរល់ទាំងស្រុង ក្នុងរបប ប៉ុលពត ។ សម្តេចបានលើកឡើងថា ទោះបីមានគម្រោងល្អយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សទេ គឺមិនអាចអនុវត្តផែនការដ៏ល្អនោះបានឡើយ ។
ទន្ទឹមនឹងការកើនឡើង នូវបរិមាណធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្នកាល គឺយើងត្រូវខិតខំពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង ។ សម្តេចតេជោក៍បានថ្លែងអណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និង លោក Joa Chim Baron Von Marschall ដែលតែងយកចិត្តទុកដាក់ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានជំរុញទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ។ សម្តេចសង្ឃឹមថា ការចាកចេញនៃចក្រភពអង់គ្លេស ពីហគមអឺរ៉ុប គឺនឹងមិនប៉ះពាល់ដល់កម្ពុជាឡើយ ។